ព្រះត្រៃបិដក ភាគ ៦៧
ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះ ឲ្យរីងស្ងួតទៅ យ៉ាងនេះក៏មាន។
[៤០២] ពាក្យថា កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ សេចក្តីថា កង្វល់ជាអនាគត ហៅថា កង្វល់ខាងក្រោយ បានដល់កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត ព្រោះប្រារព្ធសង្ខារទាំងឡាយជាអនាគត កង្វល់នេះ កុំមាន កុំឲ្យកើតមានដល់អ្នក អ្នកចូរកុំញ៉ាំងកង្វល់ឲ្យកើត កុំបង្ក កុំឲ្យលូតលាស់ឡើង ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ។
[៤០៣] ពាក្យថា បើអ្នកនឹងមិនកាន់យកខន្ធជាកណ្តាលទេ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន លោកហៅថា ខន្ធជាកណ្តាល អ្នកនឹងមិនកាន់យក មិនចាប់ មិនស្ទាបអង្អែល មិនរីករាយ មិនជ្រុលជ្រប់ ចំពោះសង្ខារទាំងឡាយជាបច្ចុប្បន្ន ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ គឺថា បើអ្នកនឹងលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវសេចក្តីរីករាយ ការជ្រុលជ្រប់ ការប្រកាន់ ការស្ទាបអង្អែល ការជាប់ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) បើអ្នកនឹងមិនកាន់យកខន្ធជាកណ្តាលទេ។
ID: 637355312994171008
ទៅកាន់ទំព័រ៖