ព្រះត្រៃបិដក ភាគ ៦៧
កិលេសទាំងនោះ ព្រះពុទ្ធមានព្រះភាគ លះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព មិនឲ្យកើតឡើងជាធម្មតាតទៅ ហេតុនោះ ព្រះពុទ្ធឈ្មោះថាលះបង់ទីលំនៅ។ ពាក្យថា តណ្ហា របស់បទថា កាត់បង់តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា តណ្ហានោះ ព្រះពុទ្ធមានព្រះភាគកាត់បង់ ផ្តាច់បង់ ផ្តិលផ្តាច់ រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ព្រះពុទ្ធឈ្មោះថា កាត់បង់តណ្ហា។ ពាក្យថា មិនមានការញាប់ញ័រ សេចក្តីថា តណ្ហា ហៅថា ការញាប់ញ័រ បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ការញាប់ញ័រ គឺតណ្ហានោះ ព្រះពុទ្ធមានជោគ លះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមានបែបភាព មិនឲ្យកើតឡើងជាធម្មតាតទៅ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានការញាប់ញ័រ។ ព្រះពុទ្ធ ឈ្មោះថា មិនមានការញាប់ញ័រ ព្រោះទ្រង់លះបង់ការញាប់ញ័រហើយ។ ព្រះមានព្រះភាគ មិនរំភើបក្នុងលាភផង មិនរំភើបក្នុងអលាភផង មិនរំភើបក្នុងយសផង មិនរំភើបក្នុងអយសផង មិនរំភើបក្នុងបសំសាផង មិនរំភើបក្នុងនិន្ទាផង មិនរំភើបក្នុងសុខផង មិនរំភើប មិនកំរើក មិនញាប់ញ័រ មិនរញ្ជួយ មិនកក្រើកក្នុងទុក្ខផង
ID: 637355314990833342
ទៅកាន់ទំព័រ៖