ព្រះត្រៃបិដក ភាគ ៦៧

 [៨៤​] ពាក្យ​ថា នាម និង​រូប រលត់​មិន​មាន​សេសសល់​ក្នុង​ទីណា​ ត្រង់​ពាក្យ​ថា នាម បាន​ដល់ អរូបក្ខន្ធ ៤។ ពាក្យ​ថា​ រូប គឺ​មហាភូតរូប ៤ និង​រូប​អាស្រ័យ​មហាភូតរូប ៤។ ពាក្យ​ថា មិន​មាន​សេសសល់ គឺ​គ្រប់​ទាំងអស់​ សព្វ​ទាំងអស់ មិន​មាន​សេសសល់ រក​សេសសល់​គ្មាន ពាក្យ​ថា មិន​មាន​សេសសល់​នេះ ជា​ពាក្យ​រួម​យក។ ពាក្យ​ថា រលត់ គឺ​រលត់ រម្ងាប់ ដល់​នូវ​ការ​វិនាស ស្ងប់​រម្ងាប់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) នាម និង​រូប​រលត់​មិន​មាន​សេសសល់​ក្នុង​ទីណា។
 [៨៥​] ពាក្យ​ថា នាម និង​រូប​នុ៎ះ រលត់​ក្នុង​ទីនុ៎ះ​ ព្រោះ​កិរិយា​រលត់វិញ្ញាណ អធិប្បាយ​ថា ធម៌​ទាំងឡាយ​ណា គឺ​នាម និង​រូប គប្បី​កើត​ក្នុង​សង្សារ​ មាន​ទីបំផុត​ខាងដើម ដែលគេ​មិន​អាច​ដឹង​បាន វៀរលែងតែ​កំណើត​ប្រាំពីរ​ចេញ ធម៌​ទាំង​នុ៎ះ រលត់​ រម្ងាប់ ដល់​នូវ​ការ​វិនាស ស្ងប់​រម្ងាប់ ក្នុង​សោតាបត្តិ​មគ្គ​នុ៎ះ ព្រោះ​កិរិយា​រលត់​អភិសង្ខារ​វិញ្ញាណ​(១) ដោយ​សោតាបត្តិ​មគ្គញ្ញាណ។ ធម៌​ទាំងឡាយ​ណា គឺ​នាម និង​រូប គប្បី​កើត​ក្នុង​កំណើត​ប្រាំ វៀរលែងតែ​កំណើត​ពីរ​ ធម៌​ទាំង​នុ៎ះ រលត់ រម្ងាប់ ដល់​នូវ​ការ​វិនាស​ ស្ងប់​រម្ងាប់ ក្នុង​សកទាគាមិមគ្គ​នុ៎ះ ព្រោះ​កិរិយា​រលត់​អភិសង្ខារ​វិញ្ញាណ ដោយ​សកទាគាមិមគ្គ​ញ្ញាណ។
(១) បាន​ដល់ចិត្ត​ដ៏​សម្បយុត្ត​ ដោយ​កុសលា​កុសល​ចេតនា។ អដ្ឋកថា។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637354311676112105
ទៅកាន់ទំព័រ៖