ព្រះត្រៃបិដក ភាគ ៦៧

 ហេតុ​នោះ ព្រះអរហន្ត​ខីណាស្រព​ទាំងឡាយ​ លោក​ហៅថា អ្នកមាន​ធម៌​ពិចារណា​ឃើញ​ហើយ ហេតុ​នោះ លោក​សួរ​ថា បុគ្គល​ទាំងឡាយ​ណា មានធម៌​ពិចារណា​ឃើញ​ហើយ។
 [៨៨​] អធិប្បាយ​ពាក្យ​ថា បុគ្គល​ទាំងឡាយ​ណា ជា​សេក្ខៈ​ មាន​ប្រមាណ​ច្រើន​ក្នុង​ទីនេះ បុច្ឆា​ត្រង់​ពាក្យ​ថា សេក្ខៈ​បុគ្គល​ទាំងឡាយ ដែល​លោក​ហៅថា​ សេក្ខៈ ព្រោះ​ហេតុអ្វី។ ឈ្មោះថា សេក្ខៈ ព្រោះ​នៅ​សិក្សា។ នៅ​សិក្សា​អ្វី។ នៅ​សិក្សា​អធិសីល​ខ្លះ​ សិក្សា​អធិចិត្ត​ខ្លះ សិក្សា​អធិប្បញ្ញា​ខ្លះ។
 អធិសីល​សិក្ខា តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ជា​អ្នកមានសីល សង្រួម​ក្នុង​បាតិមោក្ខ​សំវរ​សីល បរិបូណ៌​ដោយ​អចា​រៈ និង​គោ​ចរៈ​ ឃើញ​ភ័យ​ក្នុង​ទោស​បន្តិចបន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ សីលក្ខន្ធ​តូច​ក្តី​ សីលក្ខន្ធ​ធំ​ក្តី សីល​ជាទី​ពឹង ជា​គ្រឿង​រារាំង ជា​ការ​សង្រួម ជា​ការ​បិទ ជា​ប្រធាន ជា​ប្រមុខ​នៃ​ការបាន​នូវ​កុសលធម៌​ទាំងឡាយ​ នេះ​ជា​អធិសីល​សិក្ខា។
 អធិចិត្ត​សិក្ខា តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ចូល​បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ​ វិចារៈ និង​បីតិ សុខៈ ដែល​កើត​អំពី​វិវេក ទុតិយជ្ឈាន​ តតិយជ្ឈាន ចតុត្ថជ្ឈាន នេះ​ជា​អធិចិត្ត​សិក្ខា។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637354313168337025
ទៅកាន់ទំព័រ៖