ព្រះត្រៃបិដក ភាគ ៦៧

 អធិប្បញ្ញា​សិក្ខា តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ជា​អ្នកមាន​ប្រាជ្ញា ប្រកបដោយ​ប្រាជ្ញា ទៅ​ក្នុង​សេចក្តី​ចំរើន និង​សេចក្តី​វិនាស ជា​ប្រាជ្ញា​ដ៏​ប្រសើរ​ ចាក់ធ្លុះ​ដល់​នូវ​សេចក្តី​អស់​ទុក្ខ​ដោយ​ប្រពៃ ភិក្ខុ​នោះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ​ ដឹង​ច្បាស់​តាមពិត​ថា នេះ​ហេតុ​ឲ្យ​កើតទុក្ខ នេះ​សេចក្តី​រលត់ទុក្ខ នេះ​បដិបទា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ ដឹង​ច្បាស់​តាមពិត​ថា នេះ​អាសវៈ​ នេះ​ហេតុ​ឲ្យ​កើត​អាសវៈ នេះ​សេចក្តី​រលត់​អាសវៈ​ នេះ​បដិបទា​ដំណើ​ទៅកាន់​ទី​រលត់​អាសវៈ នេះ​ជា​អធិប្បញ្ញា​សិក្ខា។
 សេក្ខបុគ្គល​ទាំងឡាយ ពិចារណា​សិក្សា​សិក្ខា​ទាំង​ ៣ នេះ ដឹង​សិក្សា តាំងចិត្ត​សិក្សា ចុះចិត្តស៊ប់​ដោយ​សទ្ធា​សិក្សា ផ្គង​ព្យាយាម​សិក្សា​ តាំង​សតិ​សិក្សា​ តាំងចិត្ត​ដោយ​ប្រពៃ​សិក្សា ដឹង​ច្បាស់​ដោយ​បញ្ញា​សិក្សា​ ដឹង​ប្រាកដ​នូវ​ធម៌​ដែល​គួរ​ដឹង​ប្រាកដ​សិក្សា កំណត់​ដឹង​ធម៌​ដែល​គួរ​កំណត់​ដឹង​សិក្សា លះបង់​ធម៌​ដែល​គួរ​លះបង់​សិក្សា​ ចំរើន​ធម៌​ដែល​គួរ​ចំរើន​សិក្សា ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​សិក្សា​ ប្រព្រឹត្ត ប្រព្រឹត្ត​ដោយ​គោរព ប្រព្រឹត្ត​ដោយ​ប្រពៃ សមាទាន ប្រព្រឹត្ត ហេតុ​នោះ ទើប​លោក​ហៅថា​ សេក្ខៈ។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637354313549010938
ទៅកាន់ទំព័រ៖