ព្រះត្រៃបិដក ភាគ ៦៧
មានសភាពរលត់ មានត្រជាក់កើតហើយ មានកិរិយាបានចំពោះនូវសុខ គប្បីនៅដោយខ្លួនដ៏ប្រសើរ ហេតុនោះ ទ្រង់ត្រាស់ថា បុគ្គលមិនគប្បីប្រាថ្នាក្នុងកាមទាំងឡាយ។
[៩២] អធិប្បាយពាក្យថា មិនគប្បីធ្វើចិត្តឲ្យល្អក់ ត្រង់ពាក្យថា ចិត្ត បានដល់ ធម្មជាតសម្រាប់ត្រិះរិះ សម្រាប់ដឹង សម្រាប់ប្រាថ្នា ហឫទ័យ ភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ។ ចិត្ត ជាធម្មជាតល្អក់ វឹកវរ ញាប់ញ័រ ចង្អៀតចង្អល់ ឃ្លេងឃ្លោង ភ្ញាក់ផ្អើល មិនស្ងប់ ដោយកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រាគៈ ទោសៈ មោហៈ ក្រោធ ការចងក្រោធទុក ការលុបលាងគុណ ការវាយឫកស្មើ សេចក្តីឈ្នានីស សេចក្តីកំណាញ់ ការលាក់ពុត ការអួតអាង ការចចេស ការប្រណាំងវាសនា មានះ ការមើលងាយ សេចក្តីស្រវឹង និងសេចក្តីប្រហែស ចិត្តនោះ ជាធម្មជាតល្អក់ វឹកវរ ញាប់ញ័រ ចង្អៀតចង្អល់ ឃ្លេងឃ្លោង ភ្ញាក់ផ្អើល មិនស្ងប់ ដោយកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង។
ID: 637354315449725810
ទៅកាន់ទំព័រ៖