ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា មិនគប្បីធ្វើចិត្តឲ្យល្អក់ បានន័យថា មិនគប្បីមានចិត្តល្អក់ មិនវឹកវរ មិនញាប់ញ័រ មិនចង្អៀតចង្អល់ មិនឃ្លេងឃ្លោង មិនភ្ញាក់ផ្អើល ស្ងប់ គប្បីលះបង់ លះបង់ផ្តាច់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសទាំងឡាយជាគ្រឿងធ្វើឲ្យល្អក់ មួយទៀត ជាបុគ្គលឆ្ងាយ វៀរ វៀរស្រឡះ ចេញផុត ស្ងប់ រួចស្រឡះ ប្រកប ប្រាស ចាកកិលេសទាំងឡាយជាគ្រឿងធ្វើឲ្យល្អក់ គប្បីទៅដោយចិត្តប្រាសចាកសេចក្តីសល់វ៉ល់ (ហេតុនោះ ទ្រង់ត្រាស់ថា) មិនគប្បីធ្វើចិត្តឲ្យល្អក់។
[៩៣] ពាក្យថា ឈ្លាសវៃក្នុងធម៌ទាំងពួង អធិប្បាយថា ឈ្លាសវៃក្នុងធម៌ទាំងពួងថា សង្ខារទាំងពួងមិនទៀង ឈ្លាសវៃក្នុងធម៌ទាំងពួងថា សង្ខារទាំងពួងជាទុក្ខ ឈ្លាសវៃក្នុងធម៌ទាំងពួងថា ធម៌ទាំងពួងជាអនត្តា ឈ្លាសវៃក្នុងធម៌ទាំងពួងថា សង្ខារទាំងឡាយ (មាន) ព្រោះអវិជ្ជាជាបច្ច័យ។បេ។ ឈ្លាសវៃក្នុងធម៌ទាំងពួងថា ធម្មជាតណាមួយ មានសភាពកើតឡើង ធម្មជាតទាំងអស់នោះ មានសភាពរលត់ទៅជាធម្មតា បុគ្គលឈ្លាសវៃក្នុងធម៌ទាំងពួង យ៉ាងនេះឯង។
ID: 637354315766485536
ទៅកាន់ទំព័រ៖