ព្រះត្រៃបិដក ភាគ ៦៧
មួយទៀត អាយតនៈ ១២ គឺភែ្នក និងរូប ត្រចៀក និងសំឡេង ច្រមុះ និងក្លិន អណ្ដាត និងរស កាយ និងផ្សព្វ ចិត្ត និងធម៌ ហៅថា ធម៌ទាំងពួង។ តម្រេកក្នុងអាយតនៈជាខាងក្នុង ខាងក្រៅទាំងឡាយ ជាកិលេសដែលបុគ្គលនោះលះបង់ មានឫសផ្តាច់ចោលហើយ ធ្វើមិនឲ្យមានទីតាំង ដូចជាដើមត្នោត មិនឲ្យមានបែបភាព មិនឲ្យមានសភាពកើតឡើងតទៅ ដោយហេតុណា បុគ្គលនោះឈ្មោះថា ឈ្លាសវៃក្នុងធម៌ទាំងពួង ដោយហេតុប៉ុណ្ណេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ឈ្លាសវៃក្នុងធម៌ទាំងពួង។
[៩៤] អធិប្បាយពាក្យថា គប្បីប្រព្រឹត្ត មានសតិជាភិក្ខុ ត្រង់ពាក្យថា មានសតិ គឺឈ្មោះថា មានសតិ ដោយហេតុ ៤ គឺ ចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថាមានសតិ ចំរើនវេទនានុបស្សនាសតិប្បដ្ឋានក្នុងវេទនាទាំងឡាយ ឈ្មោះថាមានសតិ ចំរើនចិត្តានុបស្សនាសតិប្បដ្ឋានក្នុងចិត្ត ឈ្មោះថាមានសតិ ចំរើនធម្មានុបស្សនាសតិប្បដ្ឋានក្នុងធម៌ទាំងឡាយ ឈ្មោះថាមានសតិ។ មានសតិដោយហេតុ ៤ ដទៃទៀតគឺ ឈ្មោះថា មានសតិ ព្រោះវៀរចាកការមិនមានសតិ មានសតិ ព្រោះបានធ្វើធម៌ដែលគប្បីធ្វើដោយសតិ មានសតិ ព្រោះកំចាត់ចោលធម៌ដែលជាសត្រូវដល់សតិ មានសតិ ព្រោះមិនភ្លេចធម៌ជានិមិត្តរបស់សតិ។ មានសតិ ដោយហេតុ ៤ ដទៃទៀតគឺ ឈ្មោះថា មានសតិ ព្រោះជាអ្នកបរិបូណ៌ដោយសតិ មានសតិព្រោះថ្នឹកដោយសតិ មានសតិ ព្រោះស្ទាត់ជំនាញដោយសតិ មានសតិ ព្រោះមិនងាកចោលសតិ។
ID: 637354316415163306
ទៅកាន់ទំព័រ៖