ព្រះត្រៃបិដក ភាគ ៦៧

តិ​ស្ស​មេ​ត្តេ​យ្យ​មាណវ​កប្ប​ញ្ហា​និទ្ទេស​ ទី២​


[៩៦​] (តិ​ស្ស​មេតេ្តយ្យ​មាន​អាយុ​ទូល​សួរ​ដូច្នេះ​ថា​) បុគ្គល​ណា ក្នុង​លោក​នេះ ជា​អ្នក​ត្រេកអរ​ពេញលេញ បុគ្គល​ណា មិន​មាន​សេចក្តី​ញាប់ញ័រ​ បុគ្គល​ណា​ដឹង​ច្បាស់​នូវ​ទីបំផុត​ទាំងពីរ និង​កណ្តាល​ដោយ​ប្រាជ្ញា​ហើយ ព្រះអង្គ​ទ្រង់​ហៅ​បុគ្គល​ណា​ថា​ មហាបុរស បុគ្គល​ណា បាន​កន្លង​នូវ​តណ្ហា ជា​គ្រឿង​ចាក់ស្រេះ​ក្នុង​លោក​នេះ។

 [៩៧​] ពាក្យ​ថា បុគ្គល​ណា ក្នុង​លោក​នេះ ជា​អ្នក​ត្រេកអរ​ពេញលេញ​ គឺជា​អ្នក​ត្រេក​អរ​ពេញ​ហើយ មានចិត្ត​រីករាយ មាន​សេចក្តី​ត្រិះរិះ​ពេញលេញ​ ហេតុ​នោះ (លោក​សួរ​ថា​) បុគ្គល​ណា ក្នុង​លោក​នេះ ជា​អ្នក​ត្រេកអរ​ពេញលេញ។ ពាក្យ​ថា ដូច្នេះ​ ក្នុង​បទ​ថា​ តិ​ស្ស​មេ​ត្តេ​យ្យ​មាន​អាយុ (ទូល​សួរ​) ដូច្នេះ គឺជា​បទ​ភ្ជាប់ ជា​ពាក្យ​ភ្ជាប់​បទ បំពេញ​បទ ប្រជុំ​អក្ខរៈ​ សម្រួល​ព្យញ្ជនៈ ពាក្យ​ថា ដូច្នេះ នុ៎ះ ជាលំដាប់​បទ។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់​ ជា​ពាក្យ​គោរព ពាក្យ​ថា មាន​អាយុ​នុ៎ះ ជា​ពាក្យ​ពោល​ដោយ​គោរព​កោតក្រែង។ ពាក្យ​ថា តិស្សៈ​ គឺជា​ឈ្មោះ ជា​ពាក្យសម្រាប់​ហៅ សម្រាប់​សំគាល់ ជា​បញ្ញត្តិ ជា​វោហារ ជា​នាម ជា​នាម​កម្ម ជា​នាម​បញ្ញត្តិ​ ជា​សំដី ជា​គ្រឿង​បញ្ជាក់ ជា​គ្រឿង​ប្រកាស​នៃ​ព្រាហ្មណ៍​នោះ។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637354318059282525
ទៅកាន់ទំព័រ៖