ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា មានស្មារតី គឺ​ឈ្មោះថា​អ្នកមាន​ស្មារតី ដោយហេតុ ៤ គឺ​មានស្មារតី​ ព្រោះ​បាន​ចំរើន​សតិ​ប្ប​ដ្ឋាន គឺ​ការពិចារណា​រឿយ​ ៗ នូវ​កាយ​ក្នុង​កាយ​ ១ មានស្មារតី ព្រោះ​បាន​ចំរើន​សតិ​ប្ប​ដ្ឋាន​ គឺ​ការពិចារណា​រឿយ ៗ នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ១ មានស្មារតី ព្រោះ​បាន​ចំរើន​សតិ​ប្ប​ដ្ឋាន​ គឺ​ការពិចារណា​រឿយ ៗ នូវ​ចិត្ត​ក្នុងចិត្ត ១ មានស្មារតី ព្រោះ​បាន​ចំរើន​សតិ​ប្ប​ដ្ឋា​ន គឺ​ការពិចារណា​រឿយ ៗ នូវ​ធម៌​ក្នុង​ធម៌​ ១។បេ។ បុគ្គល​នោះ លោក​ហៅថា អ្នកមាន​ស្មារតី​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ប្រាសចាក​តណ្ហា មានស្មារតី​សព្វកាល។
 [១០៦​] ពាក្យ​ថា ដឹង​ហើយ​ រលត់​ហើយ ជា​ភិក្ខុ អធិប្បាយ​ថា ញាណ ឈ្មោះថា ការ​ដឹង បាន​ដល់​បញ្ញា ការ​ដឹង​ច្បាស់ ការពិចារណា។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ សេចក្តី​ឃើញត្រូវ។ ពាក្យ​ថា ដឹង​ហើយ គឺ​បានដឹង យល់ ពិចារណា​ ត្រិះរិះ សំដែង ធ្វើឲ្យ​ជាក់ច្បាស់ គឺថា ដឹង យល់ ពិចារណា ត្រិះរិះ​ សំដែង ធ្វើឲ្យ​ជាក់ច្បាស់​ថា សង្ខារ​ទាំងពួង​មិន​ទៀង បានដឹង​ យល់​ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យ​ជាក់ច្បាស់​ថា សង្ខារ​ទាំងពួង​ជា​ទុក្ខ​ ថា ធម៌​ទាំងពួង​ជា​អនត្តា ថា សង្ខារ (កើត​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ។បេ។ ជា​ធម្មជាត​ណាមួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ​ មាន​កិរិយា​រលត់​ទៅជាធម្មតា។
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637354320235501834
ទៅកាន់ទំព័រ៖