ព្រះត្រៃបិដក ភាគ ៦៧

សេចក្តី​ញាប់ញ័រ​ទាំងនេះ របស់​ព្រះ​ខីណាស្រព​នោះ គ្មាន​ មិន​មាន មិន​មាន​ព្រម មិនបាន (គឺ​លោក​) បាន​លះបង់ ផ្តាច់​បង់ រម្ងាប់ រម្ងាប់​ចំពោះ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សេចក្តី​ញាប់ញ័រ​របស់​ភិក្ខុ​នោះ​ មិន​មាន។
 [១០៨​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​នោះ ដឹង​ច្បាស់​នូវ​ទីបំផុត​ទាំងពីរ​ និង​កណ្តាល ដោយ​ការ​ដឹង ហើយ​មិន​ជាប់ ត្រង់​ពាក្យ​ថា ទីបំផុត គឺ ផស្សៈ​ជាទីបំផុត​មួយ ការ​កើតឡើង​នៃ​ផស្សៈ​ ជាទីបំផុត​ទីពីរ ការ​រលត់​នៃ​ផស្សៈ​ ទុកជា​កណ្តាល អតីត​ជាទីបំផុត​មួយ អនាគត​ជាទីបំផុត​ទីពីរ​ បច្ចុប្បន្ន​ទុកជា​កណ្តាល សុខវេទនា​ជាទីបំផុត​មួយ ទុក្ខវេទនា​ជាទីបំផុត​ទីពីរ អទុ​ក្ខម​សុខវេទនា​ ទុកជា​កណ្តាល នាម​ជាទីបំផុត​មួយ រូប​ជាទីបំផុត​ទីពីរ វិញ្ញាណ ទុកជា​កណ្តាល អាយតនៈ​ ខាងក្នុង ៦ ជាទីបំផុត​មួយ អាយតនៈ​ខាងក្រៅ ៦ ជាទីបំផុត​ទីពីរ​ វិញ្ញាណ ទុកជា​កណ្តាល សក្កា​យៈ​ជាទីបំផុត​មួយ ការ​កើតឡើង​នៃ​សក្កា​យៈ ជាទីបំផុត​ទីពីរ ការ​រលត់​នៃ​សក្កា​យៈ​ ទុកជា​កណ្តាល។ បញ្ញា លោក​ហៅថា ការ​ដឹង គឺ​បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌​ សេចក្តី​ឃើញត្រូវ។ ពាក្យ​ថា ការ​ជាប់ បាន​ដល់​ការ​ជាប់ជំពាក់​ពីរ​គឺ ការ​ជាប់ជំពាក់​ដោយ​តណ្ហា​ ១ ការ​ជាប់ជំពាក់​ដោយ​ទិដ្ឋិ ១។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637354321005289084
ទៅកាន់ទំព័រ៖