ព្រះត្រៃបិដក ភាគ ៦៧
ម្នាលសារីបុត្ត តថាគត ហៅថាមហាបុរស ព្រោះបុគ្គលនោះ មានចិត្តរួចស្រឡះហើយ មិនហៅថា មហាបុរស ព្រោះបុគ្គលនោះ មានចិត្តគ្រាន់តែជឿទេ ម្នាលសារីបុត្ត បុគ្គលមានចិត្តរួចស្រឡះហើយ ដោយប្រការដូចម្តេច ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ នូវកាយក្នុងកាយជាខាងក្នុង ជាអ្នកមានព្យាយាមដុតកំដៅកិលេស ដឹងច្បាស់ មានស្មារតី បន្ទោបង់អភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុនោះ កាលពិចារណាឃើញរឿយ ៗ នូវកាយក្នុងកាយ ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ជាអ្នកពិចារណាឃើញរឿយ ៗ (នូវវេទនា) ក្នុងវេទនាទាំងឡាយ ពិចារណាឃើញរឿយ ៗ (នូវចិត្ត) ក្នុងចិត្ត ពិចារណាឃើញរឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ដឹងច្បាស់ មានស្មារតី បន្ទោបង់អភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុនោះ កាលពិចារណាឃើញរឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ម្នាលសារីបុត្ត ភិក្ខុមានចិត្តរួចស្រឡះហើយ យ៉ាងនេះឯង ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះភិក្ខុនោះ មានចិត្តផុតស្រឡះហើយ មិនហៅថា មហាបុរស ព្រោះភិក្ខុនោះមានចិត្តគ្រាន់តែជឿទេ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតហៅបុគ្គលនោះថាមហាបុរស។
ID: 637354321999636547
ទៅកាន់ទំព័រ៖