ព្រះត្រៃបិដក ភាគ ៦៧

 ការ​សួរ​សម្រាប់​ប្រៀបផ្ទឹម​សេចក្តី​ដែល​ខ្លួន​យល់​ហើយ​ តើ​ដូចម្តេច។ លក្ខណៈ​ជា​ធម្មជាត​ដែល​បុគ្គល​បានដឹង បាន​ឃើញ បាន​ថ្លឹង បាន​ពិចារណា បាន​យល់​ច្បាស់ ប្រាកដ​ដោយ​ប្រក្រតី បុគ្គល​សួរ​ប្រស្នា​ ដើម្បី​ប្រយោជន៍​ដល់​ការ​ប្រៀបផ្ទឹម​ជាមួយនឹង​បណ្ឌិត​ទាំងឡាយ​ឯទៀត​នេះ​ ការ​សួរ​សម្រាប់​ប្រៀប​ផ្ទឹម​សេចក្តី​ដែល​ខ្លួន​យល់​ហើយ។
 ការ​សួរ​សម្រាប់​កាត់សេចក្តី​សង្ស័យ តើ​ដូចម្តេច។ បុគ្គល​ស្ទុះ​ទៅកាន់​សេចក្តី​សង្ស័យ​ដោយ​ប្រក្រតី​ ស្ទុះ​ទៅកាន់​សេចក្តី​ងឿងឆ្ងល់ មានចិត្ត​បែក​ជា​ពីរ​ថា យ៉ាងនេះ​ទេ​ឬ ឬមិន​មែនទេ​ ហេតុ​ដូចម្តេច​ហ្ន៎ ប្រការ​ដូចម្តេច​ហ្ន៎ បុគ្គល​នោះ​ សួរ​ប្រស្នា​ដើម្បី​កាត់​សេចក្តី​សង្ស័យ នេះ​ការ​សួរ​សម្រាប់​កាត់សេចក្តី​សង្ស័យ។ នេះ​ ការ​សួរ ៣។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​របស់​មនុស្ស ១ ការ​សួរ​របស់​អមនុស្ស ១ ការ​សួរ​របស់​ពុទ្ធ​និម្មិត ១។
 ការ​សួរ​របស់​មនុស្ស តើ​ដូចម្តេច។ មនុស្ស​ទាំងឡាយ​ចូល​ទៅ​គាល់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​សួរ​ប្រស្នា គឺ​ពួក​ភិក្ខុ​សួរ ពួក​ភិក្ខុនី​សួរ​ ​ពួក​ឧបាសក​សួរ ពួក​ឧបាសិកា​សួរ ពួក​ព្រះរាជា​សួរ ពួក​ក្សត្រ​សួរ ពួក​ព្រាហ្មណ៍​សួរ​ ​ពួក​អ្នកជំនួញ​សួរ ពួក​អ្នក​គ្រួ​សួរ ពួក​គ្រហស្ថ​សួរ ពួក​បព្វជិត​សួរ នេះ ការ​សួរ​របស់​មនុស្ស។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637354326395205823
ទៅកាន់ទំព័រ៖