ព្រះត្រៃបិដក ភាគ ៦៧

 ពាក្យ​ថា សរសើរ គឺ​សរសើរ​យញ្ញៈ​ក្តី​ សរសើរ​ផល​ក្តី សរសើរ​ទក្ខិណេយ្យ​បុគ្គល​ក្តី។ សរសើរ​យញ្ញៈ តើ​ដូចម្តេច។ ជន​ទាំងឡាយ សរសើរ សំដែង​ ពណ៌នា ស្ងើច​ថា បុគ្គល​ឲ្យ​វត្ថុជា​ទីស្រឡាញ់​ ឲ្យ​វត្ថុជា​ទីគាប់ចិត្ត ឲ្យ​វត្ថុ​ដ៏​ថ្លៃថ្លា ឲ្យ​វត្ថុ​ដ៏​គួរ​ ឲ្យ​វត្ថុ​ដែល​ពិចារណា​រួចហើយ ឲ្យ​វត្ថុ​មិន​មានទោស ឲ្យ​រឿយ ៗ កាល​ឲ្យ ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ សរសើរ​យញ្ញៈ​យ៉ាងនេះ។ សរសើរ​ផល តើ​ដូចម្តេច។ ជន​ទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើច​ថា ព្រោះ​ការ​ឲ្យ​នេះ​ជាហេតុ នឹង​បាន​រូប នឹង​បាន​សំឡេង នឹង​បាន​ក្លិន​ នឹង​បាន​រស នឹង​បាន​ផ្សព្វ នឹង​បាន​អត្តភាព​ក្នុង​ត្រកូល​នៃ​ខត្តិយ​មហាសាល​ ក្នុង​ត្រកូល​នៃ​ព្រាហ្មណ​មហាសាល។បេ។ ក្នុង​ពួក​ទេវតា​ដែល​ប្រពឹ្រត្ត​ទៅ​ក្នុង​ពួក​ព្រហ្ម​ សរសើរ​ផល យ៉ាងនេះ។ សរសើរ​ទក្ខិណេយ្យ​បុគ្គល តើ​ដូច​ម្តេច។ ជន​ទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើច​ថា ទក្ខិណេយ្យ​បុគ្គល​ទាំងឡាយ ជា​អ្នក​បរិបូណ៌​ដោយ​ជាតិ បរិបូណ៌​ដោយ​គោត្រ ជា​អ្នក​ស្វាធ្យាយ ទ្រទ្រង់​មន្ត​ ដល់​នូវ​ត្រើយ​នៃ​វេទ ៣ ព្រមទាំង​គម្ពីរ​និ​ឃណ្ឌុ និង​គម្ពីរ​កេតុ​ភៈ អក្ខរប្បភេទ មាន​គម្ពីរ​ឥតិ​ហា​សៈ​ជា​គំរប់ ៥ ជា​អ្នក​ចេះ​បទ ជា​អ្នកចេះ​វេយ្យាករណ៍ មិន​ខ្វះខាត ក្នុង​គម្ពីរ​លោកាយតៈ​ និង​មហាបុរិសលក្ខណៈ
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637354363548142668
ទៅកាន់ទំព័រ៖