ព្រះត្រៃបិដក ភាគ ៦៨

ចូល​មក​អង្គុយ​ជិត សាក​សួរ ដណ្ដឹងសួរ​ ហេតុ​នោះ (លោក​ពោល​ថា​) ចូល​មក​គាល់​ព្រះពុទ្ធ​ប្រសើរ។ ហេតុ​នោះ​ លោក​ពោល​ពាក្យ​នេះ​ថា​
ព្រាហ្មណ៍​ទាំង ១៦​ នាក់​នុ៎ះ​ ចូល​មក​គាល់​ព្រះពុទ្ធ​ជា​ឥសី ទ្រង់​មាន​ចរណៈ​បរិបូណ៌ បាន​ចូល​មក​គាល់​សួរ​ប្រស្នា​ដ៏​ល្អិត​ ចំពោះ​ព្រះពុទ្ធ​ប្រសើរ។
[១១៨​] ព្រះពុទ្ធ ដែល​ព្រាហ្មណ៍​ទាំងនោះ​សួរ​ប្រស្នា​ហើយ ក៏​ទ្រង់ព្យាករ​ហើយ តាម​សេចក្តី​ពិត​ ព្រះ​មុនិ បាន​ទ្រង់​ញុំាង​ពួក​ព្រាហ្មណ៍​ឲ្យ​ត្រេកអរ​ដោយ​ការព្យាករណ៍​ប្រស្នា​ទាំងឡាយ។

 [១១៩​] ពាក្យ​ថា ព្រះពុទ្ធ ដែល​ព្រាហ្មណ៍​ទាំងនោះ (សួរ​ប្រស្នា​ហើយ​) ក៏​ទ្រង់ព្យាករ​ហើយ​ ត្រង់​ពាក្យ​ថា ដែល​ព្រាហ្មណ៍​ទាំងនោះ គឺ​ ដែល​ពួក​ព្រាហ្មណ៍​ទាំង​ ១៦ ជា​អ្នក​គួរ​ទៅ​កាន់​ត្រើយ។ ពាក្យ​ថា​ ព្រះពុទ្ធ បាន​ដល់​ព្រះមានព្រះភាគ។បេ។ បញ្ញត្តិ​ថា ព្រះពុទ្ធ​នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង។ ពាក្យ​ថា ទ្រង់ព្យាករ​ហើយ​ គឺ​ព្រះពុទ្ធ​ទ្រង់ព្យាករ ប្រាប់​ សំដែង តែងតាំង តាំងផ្ដើម បើក វែកញែក ធ្វើឲ្យ​រាក់​ ប្រកាស​ហើយ​ចំពោះ​ជន​ទាំងនោះ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះពុទ្ធ​ ដែល​ព្រាហ្មណ៍​ទាំងនោះ​ (សួរ​ប្រស្នា​ហើយ​) ទ្រង់​ព្យាករ​ហើយ។
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637357096588981397
ទៅកាន់ទំព័រ៖