ព្រះត្រៃបិដក ភាគ ៦៨

 [១២០​] ពាក្យ​ថា សួរ​ប្រស្នា​ហើយ​... តាម​សេចក្តី​ពិត​ ត្រង់​ពាក្យ​ថា សួរ​ប្រស្នា​ហើយ គឺ​អង្វរ អា​រា​ធនា ឲ្យ​ជ្រះថ្លា​ហើយ​នូវ​ប្រស្នា។ ពាក្យ​ថា តាម​សេចក្តី​ពិត គឺ គួរ​ប្រាប់​យ៉ាង​ណា ទ្រង់​ប្រាប់​យ៉ាងនោះ​ គួរ​សំដែង​យ៉ាងណា ទ្រង់​សំដែង​យ៉ាងនោះ គួរ​តែងតាំង​យ៉ាងណា ទ្រង់​តែងតាំង​យ៉ាងនោះ​ គួរ​តាំងផ្ដើម​យ៉ាងណា ទ្រង់​តាំងផ្ដើម​យ៉ាងនោះ គួរ​បើក​យ៉ាងណា ទ្រង់​បើក​យ៉ាងនោះ​ គួរ​វែកញែក​យ៉ាងណា​ ទ្រង់​វែកញែក​យ៉ាងនោះ គួរ​ធ្វើ​ឲ្យ​រាក់​យ៉ាងណា​ ទ្រង់​ធ្វើឲ្យ​រាក់​យ៉ាងនោះ​ គួរ​ប្រកាស​យ៉ាងណា ទ្រង់​ប្រកាស​យ៉ាង​នោះ ហេតុ​នោះ (លោក​ពោល​ថា​) សួរ​ប្រស្នា​ហើយ​... តាម​សេចក្តី​ពិត។
 [១២១​] ពាក្យ​ថា ដោយ​ការព្យាករណ៍​ប្រស្នា​ទាំងឡាយ គឺ​ដោយ​ការព្យាករណ៍ ការ​ប្រាប់ ការសំដែង​ ការតែងតាំង ការ​តាំងផ្ដើម ការ​បើក ការ​វែកញែក ការ​ធ្វើឲ្យ​រាក់ ការប្រកាស​ នូវ​ប្រស្នា​ទាំងឡាយ​ ហេតុ​នោះ (លោក​ពោល​ថា​) ដោយ​ការព្យាករណ៍​ប្រស្នា​ទាំងឡាយ។
 [១២២​] ពាក្យ​ថា ឲ្យ​ត្រេកអរ ក្នុង​បទ​ថា ព្រះ​មុនិ​បាន​ទ្រង់​ញុំាង​ពួក​ព្រាហ្មណ៍​ឲ្យ​ត្រេកអរ គឺ​ឲ្យ​ត្រេកអរ​ ឲ្យ​ត្រេកអរ​វិសេស ឲ្យ​ជ្រះថ្លា​ ឲ្យ​ស្រស់ស្រាយ បាន​ធ្វើ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ឲ្យ​មានចិត្ត​រីករាយ។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637357097045602303
ទៅកាន់ទំព័រ៖