ព្រះត្រៃបិដក ភាគ ៦៨
សេចក្តីនៃប្រស្នាមួយៗ ដែលព្រះពុទ្ធសំដែងហើយយ៉ាងណា បើបុគ្គលណាប្រតិបត្តិតាម យ៉ាងនោះ បុគ្គលនោះនឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន។
[១៣៣] បុគ្គលកាលចម្រើនមគ្គដ៏ឧត្តម នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន មគ្គនោះ តែងប្រព្រឹត្តទៅដើម្បីទៅកាន់ត្រើយ ហេតុនោះ មគ្គ (លោកពោលថា)បារាយនៈ ដោយប្រការដូច្នេះ។
[១៣៤] ពាក្យថា នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ សេចក្តីថា កិលេសទាំងឡាយ ខន្ធទាំងឡាយ និងអភិសង្ខារទាំងឡាយ លោកហៅថា ទីមិនមែនត្រើយ អមតនិព្វាន លោកហៅថា ត្រើយ បានដល់សេចក្តីរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា សេចក្តីប្រាសចាកតម្រេក សេចក្តីរលត់ និព្វាន។ ពាក្យថា នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ បានសេចក្តីថា នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ បានត្រើយ ពាល់ត្រើយ ធ្វើឲ្យជាក់ច្បាស់នូវត្រើយ ហេតុនោះ (លោកពោលថា) នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយ។
ID: 637357099539515347
ទៅកាន់ទំព័រ៖