ព្រះត្រៃបិដក ភាគ ៦៨
[១៣៥] ពាក្យថា មគ្គ ក្នុងបទថា កាលចម្រើនមគ្គដ៏ឧត្តម សេចក្តីថា មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ គឺ ប្រាជ្ញាយល់ឃើញត្រូវ។បេ។ ការតម្កល់ចិត្តឲ្យនឹងត្រូវ លោកហៅថា មគ្គ។ ពាក្យថា ដ៏ឧត្តម គឺ ដ៏លើស ដ៏ប្រសើរ ដ៏ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ហេតុនោះ (លោកពោលថា) មគ្គដ៏ឧត្តម។ ពាក្យថា កាលចម្រើន គឺ កាលចម្រើន កាលសេព កាលធ្វើឲ្យច្រើន ហេតុនោះ (លោកពោលថា) កាលចម្រើនមគ្គដ៏ឧត្តម។
[១៣៦] ពាក្យថា មគ្គនោះ តែងប្រព្រឹត្តទៅដើម្បីទៅកាន់ត្រើយ សេចក្តីថា ឈ្មោះថាមគ្គ បានដល់ តម្រាយ គន្លង ប្រទេសសម្រាប់ទៅដោយជើង ទីសម្រាប់ដើរ ទីសម្រាប់ដើរទៅដើរមក ទូក ស្ពានសម្រាប់ឆ្លង ផែ ពោងពាយ។ ពាក្យថា ដើម្បីទៅកាន់ត្រើយ គឺ ដើម្បីទៅកាន់ត្រើយ ដើម្បីដល់ព្រមនូវត្រើយ ដើម្បីដល់ឆាប់នូវត្រើយ គឺថា ដើម្បីឆ្លងជរា និងមរណៈ ហេតុនោះ (លោកពោលថា) មគ្គនោះ តែងប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រើយ។
[១៣៧] ពាក្យថា ហេតុនោះ ក្នុងបទថា ហេតុនោះ (លោកពោលថា) បារាយនៈ ដោយប្រការដូច្នេះ គឺព្រោះហេតុនោះ ព្រោះដំណើរនោះ ព្រោះដូច្នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ។
ID: 637357099975196151
ទៅកាន់ទំព័រ៖