ព្រះត្រៃបិដក ភាគ ៦៨

ធម្មជាត​ឯណា​នី​មួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ​ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា​ ទ្រង់​ឃើញ​យ៉ាងណា ទ្រង់​ពោល​ប្រាប់ សំដែង តែងតាំង តាំងផ្ដើម បើក វែកញែក ធើ្វ​ឲ្យ​រាក់​ ប្រកាស​ហើយ យ៉ាងនោះ ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​ឃើញ​យ៉ាងណា​ ទ្រង់​ពោល​យ៉ាងនោះ។
 [១៤​១] អធិប្បាយ​ពាក្យ​ថា មានមន្ទិល​ទៅ​ប្រាស​ហើយ​ មាន​ប្រា​ជ្ញា​ដូច​ផែនដី​ ត្រង់​ពាក្យ​ថា មានមន្ទិល​ទៅ​ប្រាស​ហើយ​ សេចក្តី​ថា រាគៈ​ឈ្មោះថា​មន្ទិល ទោសៈ ឈ្មោះថា​មន្ទិល មោហៈ ឈ្មោះថា​មន្ទិល​ ក្រោធ ឈ្មោះថា​មន្ទិល ការ​ចងក្រោធ​ទុក ឈ្មោះថា​មន្ទិល។បេ។ អភិសង្ខារ​ជាអកុសល​ទាំងពួង​ ឈ្មោះថា​មន្ទិល។ មន្ទិល​ទាំងនោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​លះបង់​ កាត់ផ្ដាច់​ឫសចេញ​ហើយ ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​ មាន​កិរិយា​មិនកើត​តទៅ​ជា​ធម្មតា ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​មិន​មានមន្ទិល​ មានមន្ទិល​ទៅ​ប្រាស​ហើយ ដ៏​ស្អាត​ចាក​មន្ទិល ប្រាសចាក​មន្ទិល លះបង់​មន្ទិល​ រួច​ស្រឡះ​ចាក​មន្ទិល​ ប្រព្រឹត្ត​កន្លង​នូវ​មន្ទិល​ទាំងពួង។ ប្រថពី លោក​ហៅថា​ ផែនដី។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637357101226918896
ទៅកាន់ទំព័រ៖