ព្រះត្រៃបិដក ភាគ ៦៨
ព្រះមានព្រះភាគ ប្រកបព្រមហើយ ដោយប្រាជ្ញាដ៏ធំទូលាយ ស្មើដោយប្រថពីនេះ។ ប្រាជ្ញា លោកហៅថា មេធា បានដល់ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ។ ព្រះមានព្រះភាគ អែប អែបនែប កប ប្រកប ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រម ដោយមេធា គឺប្រាជ្ញានេះ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានប្រាជ្ញាដូចផែនដី ហេតុនោះ (លោកពោលថា) មានមន្ទិលទៅប្រាសហើយ មានប្រាជ្ញាដូចផែនដី។
[១៤២] អធិប្បាយពាក្យថា មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ ត្រង់ពាក្យថា កាម បើពោលតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ លោកហៅថា វត្ថុកាម។បេ។ ទាំងនេះ លោកហៅថា កិលេសកាម។ វត្ថុកាម ព្រះពុទ្ធមានព្រះភាគកំណត់ដឹងហើយ កិលេសកាម ទ្រង់លះបង់ហើយ។ ព្រោះទ្រង់កំណត់ដឹងវត្ថុកាម ព្រោះទ្រង់លះកិលេសកាម ព្រះមានព្រះភាគ ឈ្មោះថា មិនប្រាថ្នាកាមទាំងឡាយ មិនចង់បានកាមទាំងឡាយ មិនស្រឡាញ់កាមទាំងឡាយ មិនជាប់ព្រះហឫទ័យនឹងកាមទាំងឡាយ។
ID: 637357101563837060
ទៅកាន់ទំព័រ៖