ព្រះត្រៃបិដក ភាគ ៦៨
ជនទាំងឡាយណា នៅប្រាថ្នាកាមទាំងឡាយ ចង់បានកាមទាំងឡាយ ស្រឡាញ់កាមទាំងឡាយ ជាប់ចិត្តនឹងកាមទាំងឡាយ ជនទាំងឡាយនោះ ឈ្មោះថា មានសេចក្តីប្រាថ្នាកាម មានសេចក្តីរីករាយដោយរាគៈ មានសេចក្តីសំគាល់ដោយកាមសញ្ញា។ ព្រះមានព្រះភាគ មិនប្រាថ្នាកាមទាំងឡាយ មិនចង់បានកាមទាំងឡាយ មិនស្រឡាញ់កាមទាំងឡាយ មិនជាប់ព្រះហឫទ័យនឹងកាមទាំងឡាយ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានកាម មានកាមចេញហើយ ចោលកាម ខ្ជាក់កាម លែងកាម លះកាម រលាស់ចោលកាម ប្រាសចាករាគៈ មានរាគៈទៅបាត់ហើយ ចោលរាគៈ ខ្ជាក់រាគៈ លែងរាគៈ លះរាគៈ រលាស់ចោលរាគៈ ប្រាសចាកសេចក្តីប្រាថ្នា មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់កើតហើយ សោយសុខ មានខ្លួនដូចជាព្រហ្ម សម្រេចសម្រាន្ដនៅ ហេតុនោះ (លោកពោលថា) មានកាមចេញហើយ។ ពាក្យថា មានព្រៃចេញហើយ សេចក្តីថា រាគៈឈ្មោះថាព្រៃ ទោសៈឈ្មោះថាព្រៃ មោហៈឈ្មោះថាព្រៃ ក្រោធឈ្មោះថាព្រៃ ការចងក្រោធទុក ឈ្មោះថាព្រៃ។បេ។ អភិសង្ខារជាអកុសលទាំងពួង ឈ្មោះថាព្រៃ។ ព្រៃទាំងនោះ ព្រះពុទ្ធមានព្រះភាគលះបង់ ផ្ដាច់ផ្ដិលឫសគល់ ធ្វើឲ្យមានទីនៅដូចជាទីនៅនៃដើមត្នោត
ID: 637357101884034300
ទៅកាន់ទំព័រ៖