ព្រះត្រៃបិដក ភាគ ៦៨
ព្រះអង្គគប្បីពោល និយាយ សំដែង ថ្លែងនូវមុសា ព្រោះហេតុម្តេចបាន ហេតុនោះ (លោកពោលថា) គប្បីពោលមុសា ព្រោះហេតុដូចម្តេចកើត។ ហេតុនោះ បិង្គិយត្ថេរ ពោលថា
(បិង្គិយមានអាយុពោលដូច្នេះថា) ខ្ញុំនឹងច្រៀងតាមបារាយនៈ ព្រះមានព្រះភាគ ព្រះអង្គមានមន្ទិល គឺកិលេសទៅប្រាសហើយ មានប្រាជ្ញាដូចផែនដី មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ (ទ្រង់ឃើញហើយយ៉ាងណា ទ្រង់ពោលយ៉ាងនោះ) ទ្រង់គប្បីពោលមុសាព្រោះហេតុដូចម្តេចកើត។
[១៤៤] បើដូច្នោះ ខ្ញុំនឹងសំដែងពាក្យដ៏ប្រកបដោយគុណរបស់ព្រះមានព្រះភាគ ព្រះអង្គលះបង់មន្ទិល និងមោហៈហើយ លះបង់មានះ និងមក្ខៈហើយ។
[១៤៥] អធិប្បាយពាក្យថា ព្រះអង្គលះបង់មន្ទិល និងមោហៈ ត្រង់ពាក្យថា មន្ទិល បានដល់ រាគៈឈ្មោះថាមន្ទិល ទោសៈឈ្មោះថាមន្ទិល មោហៈឈ្មោះថាមន្ទិល មានះឈ្មោះថាមន្ទិល ទិដ្ឋិឈ្មោះថាមន្ទិល កិលេសឈ្មោះថាមន្ទិល ទុច្ចរិតទាំងពួងឈ្មោះថាមន្ទិល។ ពាក្យថា មោហៈ គឺការមិនដឹងក្នុងកងទុក្ខ។បេ។ បង្គោលគឺអវិជ្ជា សេចក្តីវង្វេង ឫសនៃអកុសល នេះលោកហៅថា មោហៈ។
ID: 637357102985269045
ទៅកាន់ទំព័រ៖