ព្រះត្រៃបិដក ភាគ ៦៨
មន្ទិល និងមោហៈ ព្រះពុទ្ធមានព្រះភាគបានលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យមានតែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនកើតមាន មិនឲ្យមានកិរិយាកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថាមានមន្ទិល និងមោហៈលះបង់ហើយ ហេតុនោះ (លោកពោលថា) ព្រះអង្គ លះបង់មន្ទិល និងមោហៈហើយ។
[១៤៦] អធិប្បាយពាក្យថា លះបង់មានះ និងមក្ខៈហើយ ត្រង់ពាក្យថា មានះ សេចក្តីថា មានះដោយប្រការមួយ បានដល់ការប៉ោងឡើងនៃចិត្ត។ មានះដោយប្រការ ២ គឺ មានះដោយការលើកតំកើងខ្លួន ១ មានះដោយការបន្តុះបង្អាប់អ្នកដទៃ ១។ មានះដោយប្រការ ៣ គឺ មានះថាអញជាបុគ្គលប្រសើរ ១ មានះថាអញជាបុគ្គលស្មើ ១ មានះថាអញជាបុគ្គលថោកទាប ១។ មានះដោយប្រការ៤ គឺ បុគ្គលញុំាងមានះឲ្យកើតព្រោះលាភ ១ ញុំាងមានះឲ្យកើតព្រោះយស ១ ញុំាងមានះឲ្យកើតព្រោះសេចក្តីសរសើរ ១ ញុំាងមានះឲ្យកើតព្រោះសុខ ១។ មានះដោយប្រការ ៥ គឺ បុគ្គលញុំាងមានះឲ្យកើតថា អញបានរូបជាទីគាប់ចិត្ត ១ ញុំាងមានះឲ្យកើតថា អញបានសំឡេង ១ ក្លិន ១ រស ១ ផ្សព្វជាទីគាប់ចិត្ត ១។
ID: 637357103358910653
ទៅកាន់ទំព័រ៖