ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលអ្នកស្មើនឹងគេមានមានះថា អញខ្ពង់ខ្ពស់ ១ បុគ្គលអ្នកស្មើនឹងគេមានមានះថាអញស្មើ ១ បុគ្គលអ្នកស្មើនឹងគេ មានមានះថាអញថោកទាប ១ បុគ្គលអ្នកថោកទាបមានមានះថា អញខ្ពង់ខ្ពស់ ១ បុគ្គលអ្នកថោកទាប មានមានះថាអញស្មើ ១ បុគ្គលអ្នកថោកទាបមានមានះថា អញថោកទាប ១។ មានះដោយប្រការ ១០ គឺ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងមានះឲ្យកើតព្រោះជាតិ ឬគោត្រ ឬការកើតជាកូនអ្នកមានត្រកូល ១ ព្រោះភាពជាអ្នកមានរូបល្អ ១ ព្រោះទ្រព្យ ១ ព្រោះការរៀន ១ ព្រោះការងារ ១ ព្រោះសិល្បៈ ១ ព្រោះទីតាំងនៃវិជ្ជា ១ ព្រោះការចេះដឹង ១ ព្រោះសេចក្តីឆ្លៀវឆ្លាស ១ ព្រោះវត្ថុណាមួយ ១ ការមើលងាយ អាការនៃការមើលងាយ ភាពនៃការមើលងាយ ការលើកកំពស់ ការប្រកាន់ខ្ពស់ ការផ្គងចិត្ត ភាពនៃចិត្តប្រាថ្នាដូចទង់ មានសភាពយ៉ាងនេះឯណា នេះលោកហៅថា មានះ។ ពាក្យថា មក្ខៈ បានដល់សេចក្តីលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ អំពើនៃសេចក្តីច្រណែន នេះលោកហៅថា មក្ខៈ។ មានះ និងមក្ខៈ ព្រះពុទ្ធមានព្រះភាគបានលះបង់ គាស់រំលើងឫសគល់ ធើ្វឲ្យមានតែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានទីកើត មិនឲ្យមានកិរិយាកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា លះបង់មានះ និងមក្ខៈ ហេតុនោះ (លោកពោលថា) លះបង់មានះ និងមក្ខៈហើយ។
ID: 637357104005087146
ទៅកាន់ទំព័រ៖