ព្រះត្រៃបិដក ភាគ ៦៨
[១៤] ពាក្យថា ឧបេក្ខា ក្នុងបទថា ឧបេក្ខា និងសតិដ៏បរិសុទ្ធ បានដល់ការព្រងើយ អាការព្រងើយ អាការនៃចិត្តសោះអង្គើយ ការស្ងប់ចិត្ត សេចក្តីថ្លាស្អាតនៃចិត្ត ភាពនៃចិត្តជាកណ្តាល ក្នុងចតុត្ថជ្ឈាន។ ពាក្យថា សតិ បានដល់ស្មារតី ការរលឹករឿយៗ។បេ។ ការរលឹកដោយប្រពៃ ប្រារព្ធឧបេក្ខាក្នុងចតុត្ថជ្ឈាន ហេតុនោះ (ទ្រង់ត្រាស់ថា) ឧបេក្ខា និងសតិ។ ពាក្យថា បរិសុទ្ធ បានដល់ ឧបេក្ខា និងសតិក្នុងចតុត្ថជ្ឈាន ជាធម្មជាតិដ៏ស្អាត ស្អាតព្រម ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាធម្មជាតិទន់ភ្លន់ គួរដល់ការងារ ជាធម្មជាតិនឹងធឹង ដល់នូវការមិនកម្រើក ហេតុនោះ (ទ្រង់ត្រាស់ថា) ឧបេក្ខា និងសតិដ៏បរិសុទ្ធ។
[១៥] ពាក្យថា ការត្រិះរិះធម៌ស្ទុះទៅមុន សេចក្តីថា សម្មាសង្កប្បៈ លោកហៅថា ការត្រិះរិះធម៌។ សម្មាសង្កប្បៈនោះ ជាខាងដើម ជាខាងមុខ ជាប្រធាននៃអញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ការត្រិះរិះធម៌ស្ទុះទៅមុន យ៉ាងនេះក៏បាន។ មួយទៀត សម្មាទិដ្ឋិ លោកហៅថា ការត្រិះរិះធម៌។ សម្មាទិដ្ឋិនោះ ជាខាងដើម ជាខាងមុខ ជាប្រធាននៃអញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ការត្រិះរិះធម៌ស្ទុះទៅមុន យ៉ាងនេះក៏បាន។ ឬថា វិបស្សនាក្នុងចំណែកខាងដើមនៃមគ្គទាំង ៤ លោកហៅថា ការត្រិះរិះធម៌។
ID: 637356948237520413
ទៅកាន់ទំព័រ៖