ព្រះត្រៃបិដក ភាគ ៦៨
លោក ៧ បានដល់វិញ្ញាណដ្ឋិតិ ៧។ លោក ៨ បានដល់លោកធម៌ ៨។ លោក ៩ បានដល់សត្តាវាសៈ ៩។ លោក ១០ បានដល់ឧបក្កិលេស ១០។ លោក ១១ បានដល់កាមភព ១១។ លោក ១២ បានដល់អាយតនៈ ១២។ លោក ១៨ បានដល់ធាតុ ១៨។ ពាក្យថា ទ្រង់ដល់ទីបំផុតលោក បានសេចក្តីថា ព្រះមានព្រះភាគទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុងនៃលោក។បេ។ ទៅនិព្វាន ដល់និព្វាន ព្រះមានព្រះភាគនោះ មានការនៅរួចហើយ មានចរណៈសន្សំហើយ។បេ។ ភពថ្មី គឺ ការអន្ទោលទៅកាន់ជាតិ ជរា និងមរណៈ របស់ព្រះអង្គមិនមានឡើយ ហេតុនោះ (លោកពោលថា) ទ្រង់ដល់ទីបំផុតលោក។ ពាក្យថា ភព ក្នុងបទថា ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង បានដល់ភព ២ គឺ កម្មភព ១ បដិសន្ធិកបុនព្ភព ១។ កម្មភព តើដូចម្ដេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេញ្ជាភិសង្ខារ នេះឈ្មោះថា កម្មភព។ បដិសន្ធិកបុនព្ភព តើដូចម្ដេច។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលប្រកបដោយបដិសន្ធិ នេះឈ្មោះថា បដិសន្ធិកបុនព្ភព។ ព្រះមានព្រះភាគបានកន្លង ឈានកន្លង ប្រព្រឹត្តកន្លងនូវកម្មភព និងបដិសន្ធិកបុនព្ភព ហេតុនោះ (លោកពោលថា) ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង។
ID: 637357757042517422
ទៅកាន់ទំព័រ៖