ព្រះត្រៃបិដក ភាគ ៦៨
ព្រះសក្យមុនីមានព្រះភាគ មានព្រះនាមដូចគ្នា មានព្រះនាមដ៏ទៀងទាត់ស្មើនឹងព្រះពុទ្ធមានព្រះភាគទាំងឡាយនោះ ព្រោះហេតុនោះ ព្រះពុទ្ធ ឈ្មោះថាមានព្រះនាមដ៏ទៀងទាត់។ ពាក្យថា ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ គឺ ព្រះមានព្រះភាគនោះ ខ្ញុំបានចូលទៅ ចូលទៅជិត ចូលទៅអង្គុយជិត សាកសួរ ចោទសួរហើយ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ។ ហេតុនោះ បិង្គិយត្ថេរពោលថា
ព្រះពុទ្ធ ទ្រង់បន្ទោបង់ងងឹត មានសមន្តចក្ខុ ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង មិនមានអាសវៈ ទ្រង់លះបង់ទុក្ខទាំងពួងហើយ មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ។
[១៥៣] (ព្រះបិង្គិយត្ថេរពោលថា) ទិជសត្វ លះបង់ព្រៃតូច (មានផ្លែតិច) មកនៅអាស្រ័យនឹងព្រៃធំ មានផ្លែច្រើន ដូចម្ដេចមិញ ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច (មកជួបប្រសព្វនឹងព្រះពុទ្ធ ទ្រង់មានប្រាជ្ញាច្រើន) ដូចហង្សជួបប្រសព្វនូវស្រះដែលមានទឹកច្រើន ដូច្នោះឯង។
ID: 637357757900516775
ទៅកាន់ទំព័រ៖