ព្រះត្រៃបិដក ភាគ ៦៨

 [១៥៤​] ពាក្យ​ថា ទិ​ជសត្វ​លះបង់​ព្រៃតូច មក​នៅ​អាស្រ័យ​នឹង​ព្រៃធំ ដែល​មាន​ផ្លែ​ច្រើន ដូចម្ដេច​មិញ​ អធិប្បាយ​ថា សត្វស្លាប​ លោក​ហៅថា ទិ​ជសត្វ។ ហេតុអ្វី​ សត្វស្លាប លោក​ហៅថា ទិ​ជសត្វ។ ទិ​ជសត្វ​តែង​កើត ២ លើក គឺ កើតអំពី​ផ្ទៃ​មេ​ ១ លើក អំពី​ស្រោម​ស៊ុត​ ១ លើក ហេតុ​នោះ​ សត្វស្លាប​ទើប​លោក​ហៅថា ទិ​ជសត្វ ហេតុ​នោះ (លោក​ពោល​ថា​) ទិ​ជសត្វ។ ពាក្យ​ថា លះបង់​ព្រៃតូច ដូចម្ដេច​មិញ​ គឺ ទិ​ជសត្វ​លះបង់ បោះបង់ កន្លង កន្លង​បង់ នូវ​ព្រៃតូច ព្រៃ​ស្ដើង​ដែល​មាន​ចំណី​តិច​ មាន​ទឹក​តិច ហើយ​បាន​ចួប​ប្រសព្វ បាន​ចំពោះ​នូវ​ព្រៃធំ​ដទៃ ដែល​មាន​ផ្លែ​ច្រើន​ មាន​ចំណី​ច្រើន មាន​ឈើ​ច្រើន​ គឺ​ថា​ គប្បី​សម្រេច​ការ​នៅក្នុង​ដងព្រៃ​នោះ​ ដូចម្ដេច​មិញ ហេតុ​នោះ​ (លោក​ពោល​ថា​) ទិ​ជសត្វ​លះបង់​ព្រៃតូច មក​នៅ​អាស្រ័យ​នឹង​ព្រៃធំ​ដែល​មាន​ផ្លែ​ច្រើន ដូចម្ដេច​មិញ។
 [១៥៥​] អធិប្បាយ​ពាក្យ​ថា ខ្ញុំ​លះបង់​បុគ្គល​ទាំងឡាយ ដែល​មានការ​ឃើញ​តិច (មក​ចួប​ប្រសព្វ​ព្រះពុទ្ធ​ ទ្រង់​មាន​ប្រាជ្ញា​ច្រើន​) ដូច​ហង្ស​ចួប​ប្រសព្វ​នូវ​ស្រះ​ដែល​មាន​ទឹក​ច្រើន ដូច្នោះឯង​ ត្រង់​ពាក្យ​ថា ដូច្នោះឯង គឺ​ជា​ពាក្យ​ញុំាង​សេចក្តី​ឧបមា​ឲ្យ​សម្រេច។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637357758265436266
ទៅកាន់ទំព័រ៖