ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា លះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច សេចក្តីថា ពាវរីព្រាហ្មណ៍ណា និងពួកជនដទៃណា ជាអាចារ្យរបស់ពាវរីព្រាហ្មណ៍នោះ បើប្រៀបផ្ទឹមនឹងព្រះពុទ្ធមានព្រះភាគ ទៅជាអ្នកមានការឃើញតិច មានការឃើញស្តួចស្ដើង មានការឃើញថោកថយ មានការឃើញឱនថយ មានការឃើញលាមក មានការឃើញអាក្រក់។ ខ្ញុំលះបង់ បោះបង់ កន្លង កន្លងបង់ នូវព្រាហ្មណ៍ទាំងនោះ ដែលមានការឃើញតិច មានការឃើញស្ដើងស្តួច មានការឃើញថោកថយ មានការឃើញឱនថយ មានការឃើញលាមក មានការឃើញអាក្រក់ មកចួបប្រសព្វបានចំពោះនូវព្រះពុទ្ធមានព្រះភាគ ទ្រង់ឃើញដ៏លើស ទ្រង់ឃើញដ៏ប្រសើរ ទ្រង់ឃើញវិសេស ទ្រង់ឃើញឧត្តម ព្រះអង្គជាបុគ្គលប្រសើរ រកបុគ្គលស្មើមិនមាន ព្រះអង្គស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ គ្មានចំណែកប្រៀប មិនមានបុគ្គលប្រៀប ទ្រង់ជាទេវតាវិសេសជាងទេវតា ទ្រង់ជានរាសភៈ ជាបុរិសសីហៈ ជាបុរិសនាគ ជាបុរសអាជានេយ្យ ជាបុរិសនិសភៈ ជាអ្នកនាំទៅនូវធុរៈរបស់បុរស ជាទសពល ជាតាទិបុគ្គល។
ID: 637357758559209097
ទៅកាន់ទំព័រ៖