ព្រះត្រៃបិដក ភាគ ៦៨

កាត់​បលិពោធ​ក្នុង​ឃរាវាស​ទាំងអស់ កាត់​បលិពោធ​ក្នុង​បុត្រ​ និ​ងព្រះជាយា​ កាត់​បលិពោធ​ក្នុង​ញាតិ កាត់​បលិពោធ​ក្នុង​មិត្ត​ និ​ងអាមាត្យ ទ្រង់​ដាក់​ព្រះកេសា​ និ​ងព្រះ​មស្សុ ទ្រង់​ប្រដាប់​ព្រះ​ព័ស្ដជ្រ​លក់​ទឹកចត់ ស្ដេច​ចេញ​ចាក​ព្រះរាជ​ដំណាក់​ ចូល​ទៅកាន់​ផ្នួស ដល់​ស៊ប់​នូវ​ភាពជា​អ្នក​មិន​មាន​កង្វល់ តែមួយ​ព្រះអង្គ​ឯង ទ្រង់​ចរ​ ត្រាច់​ទៅ ប្រព្រឹត្ត រក្សា យាត្រា​ ឲ្យ​យាត្រា​ទៅ ហេតុ​នោះ ព្រះមានព្រះភាគ​ តែមួយ​ព្រះអង្គ​ឯង ដោយ​ចំណែក​បព្វជ្ជា យ៉ាងនេះ។
 ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង ដោយ​សេចក្តី​ថា​ មិន​មាន​បុគ្គល​ជាគម្រប់​ពីរ​ តើ​ដូចម្ដេច។ ព្រះអង្គ​ទ្រង់​ផ្នួ​សយ៉ា​ងនេះ​ហើយ ទ្រង់​សេព​ចំពោះ​ព្រៃតូច​ និ​ងព្រៃធំ ជា​សេនាសនៈ​ស្ងាត់ មិន​មាន​សំឡេង​ មិន​មាន​សូរ​គឹកកង ប្រាសចាក​ខ្យល់​ដែល​កើតអំពី​សរីរៈ​នៃ​ជន​ ជា​សេនាសនៈ​ដ៏​ស្ងប់ស្ងាត់​របស់​មនុស្ស ដ៏​សមគួរ​ដល់​ការ​ពួន​សម្ងំ ព្រះអង្គ​ទ្រង់​ពុទ្ធដំណើរ​តែមួយ​អង្គ​ឯង​ ទ្រង់​ឋិត​តែមួយ​អង្គ​ឯង ទ្រង់​គង់តែ​មួយអង្គឯង​ ទ្រង់​សម្រេចការ​ផ្ទំ​តែមួយ​អង្គ​ឯង​ ទ្រង់​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក​តែមួយ​អង្គ​ឯង ទ្រង់​ត្រឡប់មកវិញ​តែមួយ​អង្គ​ឯង​ ទ្រង់​គង់​ក្នុង​ទី​រហោស្ថាន​តែមួយ​អង្គ​ឯង ទ្រង់​អធិដ្ឋាន​ចង្រ្កម​តែមួយ​អង្គ​ឯង​ ទ្រង់​ចរ ត្រាច់​ទៅ ប្រព្រឹត្ត​ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ តែមួយ​អង្គ​ឯង ហេតុ​នោះ​ ព្រះមានព្រះភាគ​ តែមួយ​ព្រះអង្គ​ឯង​ ដោយ​សេចក្តី​ថា​ មិន​មាន​បុគ្គល​ជាគម្រប់​ពីរ យ៉ាងនេះ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637357761266036248
ទៅកាន់ទំព័រ៖