ព្រះត្រៃបិដក ភាគ ៦៨
ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ តែមួយព្រះអង្គ តើដូចម្ដេច។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ។បេ។ ធម្មវិចយសម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា ពោធិ។ ដោយសារពោធិញ្ញាណនោះ ព្រះមានព្រះភាគ ទើបទ្រង់ត្រាស់ដឹងថា សង្ខារទាំងពួងមិនទៀង។បេ។ ត្រាស់ដឹងថា របស់ណានីមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា។ ម្យ៉ាងទៀត ធម្មជាតណា ដែលបណ្ឌិតគប្បីដឹង គប្បីត្រាស់ដឹងតាម គប្បីត្រាស់ដឹងចំពោះ គប្បីត្រាស់ដឹងព្រម គប្បីបាន គប្បីពាល់ត្រូវ គប្បីធ្វើឲ្យជាក់ច្បាស់ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹង ត្រាស់ដឹងតាម ត្រាស់ដឹងចំពោះ ត្រាស់ដឹងព្រម បានពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវធម្មជាតទាំងអស់នោះ ដោយសារពោធិញ្ញាណនោះ។ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ តែមួយព្រះអង្គ យ៉ាងនេះ។
ID: 637357762666312907
ទៅកាន់ទំព័រ៖