ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា ទ្រង់បន្ទោបង់ងងឹត គឺ ព្រះមានព្រះភាគ ទ្រង់បន្ទោបង់ ទំលាក់ចោល លះបង់ បោះបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវងងឹតគឺរាគៈ ងងឹតគឺទោសៈ ងងឹតគឺមោហៈ ងងឹតគឺមានះ ងងឹតគឺទិដ្ឋិ ងងឹតគឺកិលេស ងងឹតគឺទុច្ចរិត គ្រឿងធ្វើឲ្យងងឹត ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យមានការដឹង នាំឲ្យរលត់បញ្ញា ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីនិព្វាន។ ពាក្យថា ទ្រង់គង់នៅជាសុខ គឺ ព្រះមានព្រះភាគ ទ្រង់គង់ជិតបាសាណកចេតិយ ហេតុនោះ ឈ្មោះថា ទ្រង់គង់នៅជាសុខ។
ពួកសាវ័កដែលបានវិជ្ជា ៣ លះបង់នូវមច្ចុ តែងចូលទៅអង្គុយជិតព្រះមុនិ ទ្រង់ដល់ត្រើយនៃទុក្ខ ទ្រង់គង់នៅក្បែរខាងភ្នំ។
ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថា ទ្រង់គង់នៅជាសុខ យ៉ាងនេះ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ ទ្រង់គង់នៅជាសុខ ព្រោះព្រះអង្គគ្របសង្កត់សេចក្តីខ្វល់ខ្វាយទាំងអស់ ព្រះអង្គមានការនៅ (ក្នុងអរិយវាស) នៅរួចហើយ មានចរណៈសន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ នៃព្រះអង្គមិនមាន ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថា ទ្រង់គង់នៅជាសុខ យ៉ាងនេះឯង ហេតុនោះ (លោកពោលថា) តែមួយព្រះអង្គឯង ទ្រង់បន្ទោបង់ងងឹត គង់នៅជាសុខ។
ID: 637357763096965857
ទៅកាន់ទំព័រ៖