ព្រះត្រៃបិដក ភាគ ៦៨

 [១៩​] ពាក្យ​ថា សត្វលោក​មាន​អ្វី​ជា​គ្រឿង​ចងទុក គឺ​អ្វី​ជា​គ្រឿង​ប្រកប​ព្រម ជា​គ្រឿង​ជាប់ ជា​ចំណង ជា​ឧបក្កិលេស​នៃ​សត្វលោក គឺថា​សត្វលោក​ប្រកប ប្រកប​សព្វ​ ប្រកប​ទួទៅ ផ្សំ ជាប់ ទាក់ ចំពាក់​ដោយ​អ្វី​ ហេតុ​នោះ (លោក​សួរ​ថា​) សត្វលោក​មាន​អ្វី​ជា​គ្រឿង​ប្រកប​ព្រម។
 [២០​] ពាក្យ​ថា អ្វី​ជា​គ្រឿង​ត្រាច់​ទៅ​របស់​សត្វលោក​នោះ គឺ​អ្វី​ជា​គ្រឿង​ដើរ ត្រាច់​ទៅ ត្រាច់​រង្គាត់​របស់​សត្វលោក​នោះ គឺ​ថា​ សត្វលោក​ដើរ ត្រាច់​ទៅ ត្រាច់​រង្គាត់​ដោយ​អ្វី ហេតុ​នោះ (លោក​សួរ​ថា​) អ្វី​ជា​គ្រឿង​ត្រាច់​ទៅ​របស់​សត្វលោក​នោះ។
 [២១​] ពាក្យ​ថា​ ដែល​លោក​ពោល​ថា​ និព្វាន តើ​ព្រោះ​ការ​លះ​អ្វី​បាន​ គឺ​ដែល​លោក​ហៅ​ ពោល ថ្លែង សំដែង ពន្យល់ ថា​និពា្វន​ តើ​ដោយ​ការ​លះ ការ​រំងាប់ ការ​រលាស់ចោល ការ​ស្ងប់​រម្ងាប់​នូវ​អ្វី ហេតុ​នោះ​ (លោក​សួរ​ថា​) ដែល​លោក​ពោល​ថា និពា្វន តើ​ព្រោះ​ការ​លះ​អ្វី​បាន។ ហេតុ​នោះ ព្រាហ្មណ៍​នោះ ពោល​ថា​
សត្វលោក​មាន​អ្វី​ជា​គ្រឿង​ចងទុក​ អ្វី​ជា​គ្រឿង​ត្រាច់​ទៅ​របស់​សត្វលោក​នោះ ដែល​លោក​ពោល​ថា និពា្វន តើ​ព្រោះ​ការ​លះ​អ្វី​បាន។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637356949381209177
ទៅកាន់ទំព័រ៖