ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា ទ្រង់សំដែងនូវធម៌ ត្រង់ពាក្យថា នូវធម៌ គឺទ្រង់ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស នូវព្រហ្មចរិយធម៌ មានពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏ពេញបរិបូណ៌បរិសុទ្ធទាំងអស់ផង សតិប្បដ្ឋានផង។បេ។ អដ្ឋង្គិកមគ្គដ៏ប្រសើរផង និព្វានផង បដិបទាជាដំណើរទៅកាន់ព្រះនិព្វានផង ហេតុនោះ (លោកពោលថា) ព្រះគោតមអង្គណា ទ្រង់សំដែងនូវធម៌ដល់ខ្ញុំ។
[១៦៩] ពាក្យថា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល គឺជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងចំពោះខ្លួន ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ។ មួយទៀត បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងជួប បាន បានចំពោះ នូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ ក៏បាន។
ID: 637357764780154088
ទៅកាន់ទំព័រ៖