ព្រះត្រៃបិដក ភាគ ៦៨

មនុស្ស​ទាំងឡាយ ឲ្យ​ទ្រព្យ ប្រកបដោយ​កាល មិនបាន​ផល​ក្នុង​លំដាប់​ រមែង​រង់ចាំ​កាល​យ៉ាងណា​ ធម៌​នេះ​មិនមែន​យ៉ាងនោះ​ទេ។ បុគ្គល​ណា ចំរើន​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ក្នុង​បច្ចុប្បន្ន​ បុគ្គល​នោះ រមែង​ចួប បាន បាន​ចំពោះ​នូវ​ផល​ក្នុង​លំដាប់ លំដាប់​ស្មើ​នៃ​មគ្គ​នោះ មិនមែន​បាន​ក្នុង​ពេល​ដទៃ​ មិនមែន​បាន​ក្នុង​លោក​ដទៃ​ទេ ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល​យ៉ាងនេះ ហេតុ​នោះ​ (លោក​ពោល​ថា​) ជា​ធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ចំពោះ​ខ្លួន ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល។
 [១៧០​] ពាក្យ​ថា ជា​គ្រឿង​អស់​តណ្ហា មិន​មាន​ចង្រៃ ត្រង់​ពាក្យ​ថា តណ្ហា បាន​ដល់​រូប​តណ្ហា​ សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា ផោដ្ឋព្វ​តណ្ហា ធម្ម​តណ្ហា។ ពាក្យ​ថា ជា​គ្រឿង​អស់​តណ្ហា គឺជា​គ្រឿង​អស់​តណ្ហា​ អស់​រាគៈ អស់​ទោសៈ អស់​មោហៈ អស់​គតិ អស់​ឧប​បត្តិ អស់​បដិសន្ធិ អស់​ភព អស់​សង្សារ អស់​វដ្តៈ​។ ពាក្យ​ថា មិន​មាន​ចង្រៃ​ សេចក្តី​ថា កិលេស ខន្ធ និ​ងអភិសង្ខារ លោក​ហៅថា ចង្រៃ។ ការ​លះ​ចង្រៃ​ ការ​ស្ងប់​ចង្រៃ ការ​រលាស់​ចោល​ចង្រៃ ការ​គ្រប​សង្កត់​ចង្រៃ​ អមត​និព្វាន ហេតុ​នោះ (លោក​ពោល​ថា​) ជា​គ្រឿង​អស់​តណ្ហា មិន​មាន​ចង្រៃ។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637357765113577277
ទៅកាន់ទំព័រ៖