ព្រះត្រៃបិដក ភាគ ៦៨

 [១៧៣​] ពាក្យ​ថា ចុះលោក​ម្ចាស់ ធ្លាប់​ឃ្លាត​អំពី​ព្រះ​គោតម​នោះ​ដែរ​ឬ គឺ​ចុះលោក​ម្ចាស់​ធ្លាប់​ឃ្លាតឃ្លា​ ឃ្លាត​ចេញ ថយចេញ វៀរ​ចេញ អំពី​ព្រះពុទ្ធ​នោះ​ដែរ​ឬ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) ចុះលោក​ម្ចាស់ ធ្លាប់​ឃ្លាត​អំពី​ព្រះ​គោតម​នោះ​ដែរ​ឬ។
 [១៧៤​] ពាក្យ​ថា បពិត្រ​ព្រះ​បិ​ង្គិយៈ ...សូម្បី​មួយរំពេច​ គឺ​សូម្បី​មួយរំពេច មួយ​ខណៈ​ មួយស្របក់ មួយ​ចំណែក មួយថ្ងៃ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) សូម្បី​មួយរំពេច។ ពាក្យ​ថា បពិត្រ​ព្រះ​បិ​ង្គិយៈ​ គឺ​ពាវ​រី​ព្រាហ្មណ៍ ហៅ​ចៅ​នោះ​ដោយ​នាម។
 [១៧៥​] ពាក្យ​ថា អំពី​ព្រះ​គោតម ទ្រង់​មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ គឺ​អំពី​ព្រះ​គោតម​ទ្រង់​មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ​ មាន​ញាណ​ជា​គ្រឿង​ប្រាកដ មាន​ប្រាជ្ញា​ជា​ទង់ជ័យ មាន​ប្រាជ្ញា​ជា​ទង់​ យក​ប្រាជ្ញា​ជា​អធិបតី​ ច្រើន​ដោយ​ការពិចារណា ច្រើន​ដោយ​ការពិចារណា​សព្វ ច្រើន​ដោយ​ការ​ប្រមើល​មើល​ មានការ​ប្រមើល​មើល​ព្រម​ជា​ធម្មតា ជ្រាប​ច្បាស់ជា​ប្រក្រតី​ ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​នោះ ច្រើន​ដោយ​ប្រាជ្ញា​នោះ ធ្ង​ន់​ដោយ​ប្រាជ្ញា​នោះ​ ទេរ​ទៅ​រក​ប្រាជ្ញា​នោះ​ ទោរ​ទៅ​រក​ប្រាជ្ញា​នោះ ឈម​ទៅ​រក​ប្រាជ្ញា​នោះ ឱន​ទៅ​រក​ប្រាជ្ញា​នោះ យក​ប្រាជ្ញា​នោះ​ជា​អធិបតី ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) អំពី​ព្រះ​គោតម ទ្រង់​មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637357765907789336
ទៅកាន់ទំព័រ៖