ព្រះត្រៃបិដក ភាគ ៦៨
[១៧៨] ត្រង់ពាក្យថា ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់លោកម្ចាស់ ត្រង់ពាក្យថា អង្គណា គឺព្រះមានព្រះភាគអង្គណា។បេ។ ទ្រង់ដល់នូវភាពជាសព្វញ្ញូ ក្នុងសច្ចៈនោះផង នូវភាពជាអ្នកស្ទាត់ក្នុងពលៈទាំងឡាយផង។ ពាក្យថា ទ្រង់សំដែងធម៌ ត្រង់ពាក្យថា ធម៌ គឺទ្រង់ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស នូវព្រហ្មចរិយធម៌ មានពីរោះបទដើម។បេ។ នូវបដិបទាជាដំណើរទៅកាន់ព្រះនិព្វានផង ហេតុនោះ (ព្រាហ្មណ៍ពោលថា) ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់លោកម្ចាស់។
[១៧៩] ពាក្យថា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល គឺជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយគប្បីដឹងចំពោះខ្លួន ហេតុនោះ ( ព្រាហ្មណ៍ពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ។ មួយទៀត បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះក៏បាន។
ID: 637357766706870949
ទៅកាន់ទំព័រ៖