ព្រះត្រៃបិដក ភាគ ៦៨
មនុស្សទាំងឡាយឲ្យទ្រព្យ ប្រកបដោយកាល រមែងមិនបានផល ក្នុងលំដាប់ តែងរង់ចាំកាលយ៉ាងណា ធម៌នេះ មិនមែនយ៉ាងនោះទេ។ បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ មិនមែនបានក្នុងពេលដទៃ មិនមែនបានក្នុងលោកដទៃទេ ជាធម៌ឲ្យផលមិនរង់ចាំកាលយ៉ាងនេះ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល។
[១៨០] ពាក្យថា ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ជាគ្រឿងអស់តណ្ហា គឺជាគ្រឿងអស់តណ្ហា អស់រាគៈ អស់ទោសៈ អស់មោហៈ អស់គតិ អស់ឧបបត្តិ អស់បដិសន្ធិ អស់ភព អស់សង្សារ អស់វដ្ដៈ។ ពាក្យថា មិនមានចង្រៃ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារ លោកហៅថា ចង្រៃ។ ការលះចង្រៃ ការស្ងប់ចង្រៃ ការរលាស់ចោលចង្រៃ ការគ្របសង្កត់ចង្រៃ អមតនិព្វាន ហេតុនោះ (ព្រាហ្មណ៍ពោលថា) ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ។
ID: 637357767061152681
ទៅកាន់ទំព័រ៖