ព្រះត្រៃបិដក ភាគ ៦៨

 [១៨១​] ពាក្យ​ថា ដែល​ជា​ធម៌​មិន​មាន​ឧបមា ក្នុង​ទីណា​មួយ ត្រង់​ពាក្យ​ថា ដែល​ជា​ធម៌ បាន​ដល់​និព្វាន។ ពាក្យ​ថា មិន​មាន​ឧបមា គឺ​មិន​មានការ​ប្រៀប មិន​មាន​សេចក្តី​ប្រៀប​ធៀប មិន​មាន​ភាពស្មើគ្នា​ មិន​មាន​ មិន​មាន​ព្រម មិនបាន​នូវ​ចំណែក​ប្រៀប​ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) មិន​មាន​ឧបមា។ ពាក្យ​ថា ក្នុង​ទីណា​មួយ​ គឺ​ក្នុង​ទីណា​មួយ ក្នុង​ទី​ណាៗ ក្នុង​ទី​នីមួយ ជា​ខាងក្នុង ឬខាងក្រៅ​ ឬទាំង​ខាងក្នុង​ទាំង​ខាងក្រៅ​ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) ដែល​ជា​ធម៌​មិន​មាន​ឧបមា​ក្នុង​ទីណា​មួយ។ ហេតុ​នោះ ពាវ​រី​ព្រាហ្មណ៍​នោះ ពោល​ថា
ព្រះ​គោតម​អង្គ​ណា ទ្រង់​សំដែងធម៌​ដល់​លោកម្ចាស់​ ជា​ធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ចំពោះខ្លួន ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល ជា​គ្រឿង​អស់​តណ្ហា​ មិន​មាន​ចង្រៃ ដែល​ជា​ធម៌​មិន​មាន​ឧបមា ក្នុង​ទីណា​មួយ។
[១៨២​] (ព្រះ​បិ​ង្គិ​យត្ថេ​រពោល​ថា​) បពិត្រ​ព្រាហ្មណ៍​ អាត្មា​មិនធ្លាប់​ឃ្លាត​អំពី​ព្រះ​គោតម ទ្រង់​មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ អំពី​ព្រះ​គោតម​ មាន​ប្រាជ្ញា​ដូច​ផែ​នដី​នោះ សូម្បី​មួយរំពេច​ទេ។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637357767432661255
ទៅកាន់ទំព័រ៖