ព្រះត្រៃបិដក ភាគ ៦៨
[១៨៨] ពាក្យថា ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា ត្រង់ពាក្យថា អង្គណា គឺព្រះមានព្រះភាគអង្គណា ទ្រង់កើតឯង មិនមានអាចារ្យ ត្រាស់ដឹងសច្ចៈទាំងឡាយដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮមកក្នុងកាលមុនផង ទ្រង់ដល់នូវភាពជាសព្វញ្ញូក្នុងសច្ចៈទាំងនោះផង ទ្រង់ដល់នូវភាពជាអ្នកស្ទាត់ក្នុងពលៈទាំងឡាយផង។ ពាក្យថា ទ្រង់សំដែងធម៌ ត្រង់ពាក្យថា ធម៌ គឺទ្រង់ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសនូវព្រហ្មចរិយធម៌ មានពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ នូវសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អដ្ឋង្គិកមគ្គដ៏ប្រសើរ និព្វាន និងបដិបទាជាដំណើរទៅកាន់ព្រះនិព្វាន ហេតុនោះ (លោកពោលថា) ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា។
[១៨៩] ពាក្យថា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល គឺជាធម៌ដែលបុគ្គលគប្បីឃើញច្បាស់ចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនគប្បីដឹងចំពោះខ្លួន ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ។
ID: 637357768610860288
ទៅកាន់ទំព័រ៖