ព្រះត្រៃបិដក ភាគ ៦៨
មួយទៀត បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះក៏បាន។ មនុស្សទាំងឡាយឲ្យទ្រព្យ ប្រកបដោយកាល មិនបានផលក្នុងលំដាប់ រមែងរង់ចាំកាលយ៉ាងណា ធម៌នេះ មិនមែនយ៉ាងនោះទេ បុគ្គលណា ចម្រើនអដ្ឋង្គិកមគ្គដ៏ប្រសើរ ក្នុងបច្ចុប្បន្ន បុគ្គលនោះ រមែងចួប បាន បានចំពោះនូវផលក្នុងលំដាប់ លំដាប់ស្មើនៃមគ្គនោះ មិនមែនបានក្នុងពេលដទៃ មិនមែនបានក្នុងលោកដទៃទេ ជាធម៌ឲ្យផលមិនរង់ចាំកាល យ៉ាងនេះ ហេតុនោះ (លោកពោលថា) ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល។
[១៩០] អធិប្បាយពាក្យថា ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ត្រង់ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ជាគ្រឿងអស់តណ្ហា គឺជាគ្រឿងអស់ចំណង់ អស់រាគៈ អស់ទោសៈ អស់មោហៈ អស់គតិ អស់ឧបបត្តិ អស់បដិសន្ធិ អស់ភព អស់សង្សារ អស់វដ្តៈ។
ID: 637357769020318996
ទៅកាន់ទំព័រ៖