ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា មិនមានចង្រៃ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារ លោកហៅថា ចង្រៃ។ ការលះចង្រៃ ការស្ងប់ចង្រៃ ការរលាស់ចោលចង្រៃ ការគ្របសង្កត់ចង្រៃ អមតនិព្វាន ហេតុនោះ (លោកពោលថា) ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ។
[១៩១] ពាក្យថា ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ ត្រង់ពាក្យថា ដែលជាធម៌ បានដល់និព្វាន។ ពាក្យថា មិនមានឧបមា គឺ មិនមានការប្រៀបផ្ទឹម មិនមានសេចក្តីប្រៀបធៀប មិនមានភាពស្មើគ្នា មិនមាន មិនមានព្រម មិនបាននូវចំណែកប្រៀប ហេតុនោះ (លោកពោលថា) មិនមានឧបមា។ ពាក្យថា ក្នុងទីណាមួយ គឺ ក្នុងទីណាមួយ ក្នុងទីណាៗ ក្នុងទីនីមួយ ជាខាងក្នុង ឬខាងក្រៅ ឬទាំងខាងក្នុងទាំងខាងក្រៅ ហេតុនោះ (លោកពោលថា) ដែលជាធម៌មិនមានឧបមាក្នុងទីណាមួយ។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា
ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។
ID: 637357769504578285
ទៅកាន់ទំព័រ៖