ព្រះត្រៃបិដក ភាគ ៦៨
[១៩២] បពិត្រព្រាហ្មណ៍ អាត្មាជាអ្នកមិនប្រហែស តែងឃើញព្រះពុទ្ធនោះ ដោយចិត្ត ហាក់ដូចឃើញដោយភ្នែកទាំងយប់ទាំងថ្ងៃ អាត្មាតែងនមស្ការ នៅរហូតយប់ និងថ្ងៃ ទើបអាត្មាសំគាល់ថា ការមិនឃ្លាតដោយហេតុនោះឯង។
[១៩៣] ពាក្យថា អាត្មាតែងឃើញព្រះពុទ្ធនោះ ដោយចិត្ត ហាក់ដូចឃើញដោយភ្នែក គឺ បុរសមានភ្នែកគប្បីរមិលមើល គប្បីឃើញ គប្បីចួប គប្បីគន់មើល គប្បីសំឡឹងមើល គប្បីពិចារណាមើល នូវរូបទាំងឡាយ យ៉ាងណា អាត្មាតែងឃើញ ចួប គន់មើល សំឡឹងមើល ពិចារណាមើល នូវព្រះពុទ្ធមានព្រះភាគ ដោយចិត្ត ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) អាត្មាតែងឃើញព្រះពុទ្ធនោះ ដោយចិត្ត ហាក់ដូចឃើញដោយភ្នែក។
[១៩៤] ពាក្យថា បពិត្រព្រាហ្មណ៍ អាត្មាជាអ្នកមិនប្រហែសទាំងយប់ទាំងថ្ងៃ គឺ អាត្មាខំចំរើនដោយចិត្ត ទាំងយប់ទាំងថ្ងៃ ឈ្មោះថា ជាអ្នកមិនប្រហែស ហេតុនោះ (លោកពោលថា) បពិត្រព្រាហ្មណ៍ អាត្មាជាអ្នកមិនប្រហែស ទាំងយប់ទាំងថ្ងៃ។
ID: 637357769945022542
ទៅកាន់ទំព័រ៖