ព្រះត្រៃបិដក ភាគ ៦៨

 [១៩៥​] ពាក្យ​ថា អាត្មា​តែង​នមស្ការ​នៅរហូត​យប់​ និ​ងថ្ងៃ​ ត្រង់​ពាក្យ​ថា នមស្ការ គឺ នមស្ការ​ដោយ​កាយ​ក្តី នមស្ការ​ដោយ​វាចា​ក្តី នមស្ការ​ដោយចិត្ត​ក្តី​ នមស្ការ​ដោយ​ការ​ប្រតិ​បត្តិ ទៅតាម​ប្រយោជន៍​ក្តី​ នមស្ការ​ធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព​រាប់អាន បូជា ដោយ​ការ​ប្រ​តិប​ត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ក្តី​ នៅរហូត​យប់​ និ​ងថ្ងៃ គឺ ញុំា​ងយប់​ និ​ងថ្ងៃ​ឲ្យ​ប្រព្រឹត្ត​កន្លង​ទៅ​ ហេតុ​នោះ (លោក​ពោល​ថា​) អាត្មា​តែង​នមស្ការ​នៅរហូត​យប់​និ​ងថ្ងៃ។
 [១៩​៦] ពាក្យ​ថា ទើប​អាត្មា​សំគាល់​ថា ការ​មិន​ឃ្លាត​ដោយហេតុ​នោះ​ឯង​ គឺ អាត្មា​កាល​អប់រំ​ដោយ​ពុទ្ធានុស្សតិ​នោះ​ ទើប​សំគាល់​នូវ​អំពើនោះ​ថា ជា​ការ​មិន​ឃ្លាត សំគាល់ គឺ​ ដឹង ដឹង​យ៉ាងនេះ​ យល់​យ៉ាងនេះ ដឹង​ច្បាស់​យ៉ាងនេះ ដឹង​ចំពោះ​យ៉ាងនេះ នូវ​ព្រះពុទ្ធ​នោះ​ថា​ ព្រះអង្គ​មិនធ្លាប់​ឃ្លាត ហេតុ​នោះ (លោក​ពោល​ថា​) ទើប​អាត្មា​សំគាល់​ថា​ ការ​មិន​ឃ្លាត ដោយហេតុ​នោះ​ឯង។ ហេតុ​នោះ ព្រះ​បិ​ង្គិ​យត្ថេ​រពោល​ថា​
បពិត្រ​ព្រាហ្មណ៍ អាត្មា​ជា​អ្នក​មិន​ប្រហែស​ តែងឃើញ​ព្រះពុទ្ធ​នោះ ដោយចិត្ត ហាក់ដូច​ឃើញ​ដោយ​ភ្នែក ទាំងយប់​ទាំង​ថ្ងៃ អាត្មា​តែង​នមស្ការ​ នៅរហូត​យប់​និ​ងថ្ងៃ ទើប​អាត្មា​សំគាល់​ថា​ ការ​មិន​ឃ្លាត ដោយហេតុ​នោះ​ឯង។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637357770344188061
ទៅកាន់ទំព័រ៖