ព្រះត្រៃបិដក ភាគ ៦៨
[១៩៧] ធម៌ទាំង ៤ នេះ គឺ សទ្ធា បីតិ មនោ និងសតិ (របស់អាត្មា) តែងមិនឃ្លាតចាកសាសនា របស់ព្រះគោតមឡើយ ព្រះគោតម ទ្រង់មានប្រាជ្ញាដូចផែនដី ស្ដេចទៅកាន់ទិសណាៗ អាត្មានោះ ក៏ជាអ្នកឱនទៅរកទិសនោះៗ។
[១៩៨] អធិប្បាយពាក្យថា សទ្ធា បីតិ មនោ និងសតិ ត្រង់ពាក្យថា សទ្ធា បានដល់ ជំនឿ ការជឿ ការចុះចិត្ត សេចក្តីជ្រះថ្លាខ្លាំង សទ្ធា សទ្ធិន្រ្ទិយ សទ្ធាពលៈ ប្រារព្ធព្រះមានព្រះភាគ។ ពាក្យថា បីតិ បានដល់ ការឆ្អែត បាមោជ្ជៈ ការរីករាយ ការរីករាយចំពោះ ការត្រេកអរ ការត្រេកអរស៊ប់ ភាពនៃចិត្តរបស់ខ្លួន ភាពនៃចិត្តជ្រះថ្លាក្រៃពេក ប្រារព្ធព្រះមានព្រះភាគ។ ពាក្យថា មនោ បានដល់ចិត្ត ធម្មជាតសម្រាប់បង្អោនទៅ សេចក្តីប្រាថ្នាក្នុងចិត្ត ហឫទ័យ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធនោះ ប្រារព្ធព្រះមានព្រះភាគ។ ពាក្យថា សតិ បានដល់ស្មារតី ការរឭករឿយៗ។បេ។ ការរឭកត្រូវ ប្រារព្ធព្រះមានព្រះភាគ ហេតុនោះ (លោកពោលថា) សទ្ធា បីតិ មនោ និងសតិ។
ID: 637357770732426947
ទៅកាន់ទំព័រ៖