ព្រះត្រៃបិដក ភាគ ៦៨
ទេរទៅរកទិសនោះ ទោរទៅរកទិសនោះ ឈមទៅរកទិសនោះ បង្អោនទៅរកទិសនោះ យកទិសនោះ ជាអធិបតី ហេតុនោះ (លោកពោលថា) អាត្មានោះ ជាអ្នកឱនទៅរកទិសនោះៗ។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា
ធម៌ទាំង ៤ នេះ គឺ សទ្ធា បីតិ មនោ និងសតិ (របស់អាត្មា) តែងមិនឃ្លាតចាកសាសនា របស់ព្រះគោតមឡើយ ព្រះគោតម ទ្រង់មានប្រាជ្ញាដូចផែនដី ស្ដេចទៅកាន់ទិសណាៗ អាត្មានោះ ក៏ជាអ្នកឱនទៅរកទិសនោះៗ។
[២០២] អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ ហេតុនោះ កាយទៅក្នុងទិសនោះ មិនបានទេ តែអាត្មាទៅដោយដំណើរនៃសេចក្តីត្រិះរិះ អស់កាលជានិច្ច បពិត្រព្រាហ្មណ៍ ព្រោះថា ចិត្តរបស់អាត្មា ប្រកបតាមទិសនោះ។
[២០៣] ពាក្យថា អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ ត្រង់ពាក្យថា គ្រាំគ្រា គឺ ចាស់ ចម្រើន មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានវ័យដល់ហើយតាមលំដាប់ ហេតុនោះ (លោកពោលថា ) គ្រាំគ្រា។ ពាក្យថា មានកម្លាំងថយ គឺ មានកម្លាំងខ្សោយ មានកម្លាំងតិច មានកម្លាំងស្ដួចស្ដើង ហេតុនោះ (លោកពោលថា) អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ។
ID: 637357771597009718
ទៅកាន់ទំព័រ៖