ព្រះត្រៃបិដក ភាគ ៦៨
[២០៤] ពាក្យថា កាយទៅក្នុងទិសនោះ មិនបានទេ គឺ ព្រះពុទ្ធគង់ក្នុងទិសណា កាយទៅមិនបាន ចេញទៅមិនបាន ដើរទៅមិនបាន ឈានទៅមិនបាន ក្នុងទិសនោះទេ ហេតុនោះ (លោកពោលថា) កាយទៅក្នុងទិសនោះ មិនបានទេ។
[២០៥] ពាក្យថា តែអាត្មាទៅដោយដំណើរនៃសេចក្តីត្រិះរិះ អស់កាលជានិច្ច គឺ អាត្មាទៅ ដើរទៅ ឈានទៅ ដោយដំណើរនៃតម្រិះ ដោយដំណើរវិតក្កៈ ដោយដំណើរញាណ ដោយដំណើរបញ្ញា ដោយដំណើរប្រាជ្ញា ជាគ្រឿងត្រាស់ដឹង ហេតុនោះ (លោកពោលថា) តែអាត្មាទៅដោយដំណើរនៃសេចក្តីត្រិះរិះ អស់កាលជានិច្ច។
[២០៦] ពាក្យថា បពិត្រព្រាហ្មណ៍ ព្រោះថា ចិត្តរបស់អាត្មាប្រកបតាមទិសនោះ ត្រង់ពាក្យថា ចិត្ត បានដល់គំនិត ធម្មជាតសម្រាប់បង្អោនទៅ សេចក្តីប្រាថ្នាក្នុងចិត្ត ហឫទ័យ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធនោះ។ ពាក្យថា បពិត្រព្រាហ្មណ៍... ប្រកបហើយតាមទិសនោះ គឺ ព្រះពុទ្ធគង់ក្នុងទិសណា ចិត្តរបស់អាត្មាក៏ប្រកប ប្រកបព្រម តាមទិសនោះ ហេតុនោះ (លោកពោលថា) បពិត្រព្រាហ្មណ៍ ព្រោះថា ចិត្តរបស់អាត្មាប្រកបតាមទិសនោះ។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា
ID: 637357772011709940
ទៅកាន់ទំព័រ៖