ព្រះត្រៃបិដក ភាគ ៦៨

សេចក្តី​ត្រិះរិះ​ប្រកបដោយ​ការ​មិន​ចង់​ឲ្យ​គេ​មើលងាយ​ ទាំងនេះ​ហៅថា​ សេចក្តី​ត្រិះរិះ ៩។ សេចក្តី​ត្រិះរិះ​ទាំង​ ៩ នេះ ជា​គ្រឿង​ដើរទៅ ត្រាច់​ទៅ​ ត្រាច់​រង្គាត់​ទៅ​ នៃ​សត្វលោក​នោះ​ គឺថា​សត្វលោក​នោះ​ ដើរទៅ ត្រាច់​ទៅ​ ត្រាច់​រង្គាត់​ទៅ​ ដោយសារ​សេចក្តី​ត្រិះរិះ​ ៩ នេះ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សេចក្តី​ត្រិះរិះ​ទាំងឡាយ ជា​គ្រឿង​ត្រាច់​ទៅ​របស់​សត្វ​លោក​នោះ។
 [២៥​] ពាក្យ​ថា តណ្ហា ក្នុង​បទ​ថា​ ដែល​លោក​ពោល​ថា​ និព្វាន​ ព្រោះ​ការ​លះបង់​តណ្ហា បាន​ដល់ រូប​តណ្ហា សទ្ទ​តណ្ហា​ គន្ធ​តណ្ហា រស​តណ្ហា ផោដ្ឋព្វ​តណ្ហា ធម្ម​តណ្ហា។ ពាក្យ​ថា​ ដែល​លោក​ពោល​ថា និព្វាន​ ព្រោះ​ការ​លះបង់​តណ្ហា​ គឺថា ដែល​លោក​ហៅ​ ពោល ថ្លែង សំដែង​ បំភ្លឺ​ ពន្យល់ ថា​និព្វាន ព្រោះ​ការ​លះ​ ការ​រំងាប់ ការ​រលាស់ចោល ការ​ស្ងប់​រម្ងាប់​តណ្ហា​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដែល​លោក​ពោល​ថា និព្វាន​ ព្រោះ​ការ​លះ​តណ្ហា។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
សត្វលោក មាន​សេចក្តី​រីករាយ​ជា​គ្រឿង​ចងទុក​ សេចក្តី​ត្រិះរិះ​ទាំងឡាយ ជា​គ្រឿង​ត្រាច់​ទៅ​របស់​សត្វលោក​នោះ​ ដែល​លោក​ហៅថា និព្វាន ព្រោះ​ការ​លះ​តណ្ហា​បាន។
[២៦​] បុគ្គល​មានស្មារតី ប្រព្រឹត្តទៅ​ដូចម្ដេច វិញ្ញាណ​ទើប​រលត់ ពួក​ខ្ញុំ​ព្រះអង្គ​មក​គាល់​ ដើម្បី​ទូល​សួរ​ព្រះមានព្រះភាគ នឹង​បាន​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637356950509812290
ទៅកាន់ទំព័រ៖