ព្រះត្រៃបិដក ភាគ ៦៨
[២១៥] ពាក្យថា ម្នាលបិង្គិយៈ អ្នកនឹងដល់ត្រើយនៃលំនៅរបស់មច្ចុ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារ លោកហៅថា លំនៅរបស់មច្ចុ។ អមតនិព្វាន លោកហៅថា ត្រើយនៃលំនៅរបស់មច្ចុ បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក សេចក្តីរលត់ និព្វាន។ ពាក្យថា ម្នាលបិង្គិយៈ អ្នកនឹងដល់ត្រើយនៃលំនៅរបស់មច្ចុ បានសេចក្តីថា អ្នកនឹងដល់ នឹងបាន នឹងពាល់ត្រូវ នឹងធ្វើឲ្យជាក់ច្បាស់នូវត្រើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ អ្នកនឹងដល់ត្រើយនៃលំនៅរបស់មច្ចុ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
វក្កលិ ភទ្រាវុធ និងអាឡវិគោតម សុទ្ធតែជាអ្នកមានសទ្ធាបញ្ចេញហើយ យ៉ាងណា សូម្បីអ្នក ក៏ចូរបញ្ចេញសទ្ធា យ៉ាងនោះចុះ ម្នាលបិង្គិយៈ អ្នកនឹងដល់ត្រើយនៃលំនៅរបស់មច្ចុ។
[២១៦] (ព្រះបិង្គិយត្ថេរទូលថា) ខ្ញុំព្រះអង្គនេះ ជ្រះថ្លាក្រៃពេក ព្រោះបានស្ដាប់ព្រះបន្ទូលនៃព្រះអង្គ ជាព្រះមុនី ព្រះអង្គទ្រង់មានគ្រឿងបិទ បើកហើយ ព្រះអង្គមិនមានគ្រឿងរឹងរូស ទ្រង់មានបដិភាណ។
ID: 637357774857968575
ទៅកាន់ទំព័រ៖