ព្រះត្រៃបិដក ភាគ ៦៨

 [២២២​] អធិប្បាយ​ពាក្យ​ថា ទ្រង់​ជ្រាប​ច្បាស់​នូវ​អធិ​ទេវតា​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ ទេវតា​ទាំងឡាយ បាន​ដល់​ទេវតា​ ៣ ពួក​ គឺ ពួក​សម្ម​តិ​ទេវតា ១ ឧប​បត្តិ​ទេវតា ១ វិសុទ្ធិ​ទេវតា ១។
 សម្មតិ​ទេវតា តើ​ដូចម្ដេច។ ព្រះរាជា ព្រះរាជ​កុមារ​ និ​ងព្រះរាជ​ទេពី​ ទាំងនេះ ហៅថា​ សម្មតិ​ទេវតា។
 ឧប​បត្តិ​ទេវតា តើ​ដូចម្ដេច។ ​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​ ពួក​ទេវតា​ជាន់​តាវត្តិង្ស។បេ។ ​ពួក​ទេវតា​ជាន់​ព្រហ្ម​កាយិ​កៈ​ និង​ពួក​ទេវតា​ជាន់​ខាងលើ​អំពី​នោះ​ ទាំងនេះ​ហៅថា​ ឧប​បត្តិ​ទេវតា។
 វិ​សុ​ទ្ធិ​ទេវតា តើ​ដូចម្ដេច​។ ព្រះ​អរហន្ដ​ខីណាស្រព​ ជា​សាវ័ក​របស់​តថាគត និ​ងព្រះ​បច្ចេក​សម្ពុទ្ធ ទាំងនេះ ហៅថា​ វិ​សុ​ទ្ធិ​ទេវតា។
 ព្រះមានព្រះភាគ​ជ្រាប​ច្បាស់​ នូវ​សម្មតិ​ទេវតា​ទាំងឡាយ​ថា ជា​អធិ​ទេវតា ទ្រង់​ជ្រាប​ច្បាស់​នូវ​ពួក​ឧប​បត្តិ​ទេវតា​ថា​ ជា​អធិ​ទេវតា ទ្រង់​ជ្រាប​ច្បាស់ ទ្រង់​យល់ ទ្រង់​ថ្លឹង ទ្រង់​ត្រិះរិះ ទ្រង់​ជាក់ច្បាស់​ ទ្រង់​ធ្វើឲ្យ​ប្រាកដ នូវ​ពួក​វិសុទ្ធិ​ទេវតា​ថា ជា​អធិ​ទេវតា ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​ជ្រាប​ច្បាស់​នូវ​អធិ​ទេវតា​ទាំងឡាយ។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637357776977220952
ទៅកាន់ទំព័រ៖